(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាបានចុះសន្ធិសញ្ញាទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត វិទ្យុសកម្ម រួចមកហើយ តែប្រទេសធំៗមួយចំនួន មិនគ្រាន់តែមិនចូលក្នុងសន្ធិសញ្ញានេះទេ ថែមទាំងផលិតអាវុធនេះបានជាច្រើនលើសលប់ទៅទៀត។
លោកថា «កម្ពុជាបច្ចុប្បន្ន ទទួលបានជំនួយតិចតួចនៅឡើយ ក្នុងការទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត វិទ្យុសកម្មនេះ ដែលតម្រូវឱ្យភាគីបរទេសជួយដល់ទំនុកបម្រុងបន្តទៀត»។
ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាខាងលើនេះ ស្ថិតនៅក្នុងកិច្ចប្រជុំលើកទី៥ ស្ដីពីអាជ្ញាធរទប់ស្កាត់អាវុធគីមី នាទីស្ដីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ។ នៅក្នុងកិច្ចប្រជុំនេះ អាជ្ញាធរជាតិអាវុធគីមី បានបង្ហាញនូវរបាយការណ៍បញ្ជាក់ពីលទ្ធផលការងាររបស់ខ្លួនជាច្រើន ក្នុងការសម្រេចបាននូវការអភិវឌ្ឍធនធានមនុស្ស ដែលមានសមត្ថភាព និងការទទួលបានបទពិសោធន៍ការងារជាច្រើនទៀត ពីការអនុវត្តសកម្មភាពការងារទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាសកម្មភាពផ្សេងៗ ក្នុងការទប់ស្កាត់ផលប៉ះពាល់ដោយសារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ។ តាមរបាយការណ៍សង្ខេបការងារសំខាន់ របស់អាជ្ញាធរជាតិអាវុធគីមី នុយក្លេអែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានឱ្យដឹងថា អាជ្ញាធរជាតិអាវុធគីមី នុយក្លេអែរ ជីវសាស្រ្ត និងវិទ្យុ បានធ្វើការហ្វឹកហ្វឺន ផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់អាវុធុគីមី នុយក្លេអែរ ជីវសាស្រ្ត និងវិទ្យុ ដើម្បីបញ្ជ្រាបការយល់ដឹងដល់មន្រ្តីស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅតាមបណ្ដាខេត្ត និងច្រកអន្តរជាតិ ព្រមទាំងបានស្រាវជ្រាវរកអាវុធគីមី កាកសំណល់សង្រ្គាម នៅតាមបណ្ដោយព្រំដែនភាគខាងកើត ដោយបានរកឃើញអាវុធគីមីដែលបន្សល់ទុកក្នុងទស្សវត្ស ឆ្នាំ១៩៦០ ប្រភេទចំនួន២៣ធុង ដែលមាន៤ទីតាំង ក្នុងខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការបំផ្លាញសារធាតុគីមីកាកសំណល់សង្គ្រាមរួចហើយដែលមានសមាសភាពមកពីអន្តរក្រសួង ដោយមានលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ជាប្រធានអាជ្ញាធរជាតិអាវុធគីមី។ ក្រៅពីសកម្មភាពអនុវត្តការងារក្នុងប្រទេសជាច្រើនខាងលើ អាជ្ញាធរជាតិអាវុធគីមី នុយក្លេអែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានចូលរួមសកម្មភាពមួយចំនួន នៅក្រៅប្រទេសផងដែរ រួមមាន៖ ដំណើរទស្សនកិច្ច ដើម្បីបំពេញការងារ ចូលរួមកិច្ចប្រជុំ និងសិក្ខាសាលានានា ព្រមទាំងបានពិភាក្សាដាក់ទិសដៅ ដើម្បីស្វែងរកជំនួយ ក្នុងការបន្តអនុវត្តគម្រោងផែនការការងាររបស់ខ្លួនទៀត ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងការទប់ស្កាត់អាវុធគីមី នុយក្លេអែរ ជីវសាស្រ្ត និងវិទ្យុសកម្ម ស្របតាមបទដ្ឋានអន្តរជាតិនានា ដែលកម្ពុជាបានផ្ដល់សច្ចាប័នចូលរួម រួចហើយនោះ។ សូមជម្រាបថា អាជ្ញាធរជាតិអាវុធគីមី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដែលជាស្ថាប័នតំណាងឱ្យរាជរដ្ឋាភិបាល មានតួនាទី និងភារកិច្ចទទួលខុសត្រូវរាល់ការងារ ដែលពាក់ព័ន្ធនឹងសារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុក្លេអ៊ែរ ដូចជាការសាយភាយ ការនាំចេញនាំចូល ទំនាក់ទំនងសហប្រតិបត្តិការផ្សេងៗ៕