(បាត់ដំបង)៖ លោក ភួង សិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ បើកប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់ជនពិការភាពក្រីក្រចំនួន៣៣៩នាក់ ក្នុងនោះស្រីចំនួន ២០២នាក់ សម្រាប់ឆ្នាំ២០២៣ នៅសាលាឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក ភួង សិទ្ធ បានឱ្យដឹងថា ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកថ្មគោល រយៈពេល២ថ្ងៃ នាថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង បានចុះចែកប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងឃុំតាពូងមុនគេក្នុងចំណោមឃុំទាំង១០ នៃស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២៣។

លោក ភួង សិទ្ធ បានបញ្ជាក់ថា ការបើកប្រាក់គោលនយោបាយជូនដល់ជនពិការក្រីក្រនេះ គឺបានអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់តាំងពីឆ្នាំ២០១៨ មកទល់បច្ចុប្បន្ន។ ការបើកប្រាក់ជូនដល់ជនពិការភាពក្រីក្រនេះផងដែរ គឺមាន២ប្រភេទ ប្រភេទទី១ (កំរិតធ្ងន់ធ្ងរ) រយៈពេល ១ឆ្នាំចំនួន ២៤០,០០០រៀល, ប្រភេទទី២ (កំរិតមធ្យម) រយៈពេល៦ខែ ទទួលបាន ១២០,០០០រៀល។

ប្រធាមន្ទីរបន្តថា នៅមានកិច្ចការមនុស្សធម៌ ការងារសង្គមជាច្រើនទៀត ដែលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង យើងត្រូវធ្វើជាបន្តបន្ទាប់ ទៅតាមជំនាញផ្សេងៗច្រើនទៀត ដោយបានកិច្ចសហការ ដៃគូរអភិវឌ្ឍន៍ ក៏ដូចជា៖ តាមការណែនាំពីក្រសួង និងរដ្ឋបាលខេត្តជាប្រចាំផងដែរ៕