(កំពង់ចាម)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធសមិទ្ធផលថ្មីៗ និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនោះរួមមាន៖

*ផ្លូវបេតុងប្រវែង ២,០៣០ម៉ែត្រ
*ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៥៥០ម៉ែត្រ
*គំនូស និងផ្លាកសញ្ញចរាចរ ដែលជាអំណោយរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
*អគារស្នាក់នៅ ១ខ្នង
*ទូដាក់សម្ភារចំនួន ១៦០ទូ
*គ្រែដេក ២ជាន់ចំនួន ៨០គ្រែ ដែលជាអំណោយរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ
*អគារស្នាក់នៅ ១ខ្នង ទូដាក់សម្ភារចំនួន ១៦០ទូ
*គ្រែដេក២ជាន់ចំនួន ៨០គ្រែ ដែលជាអំណោយរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
*តារាងបាល់ទាត់ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី
*ឡដុតសំរាមព្រមទាំងសម្ភារគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា។

បន្ថែមលើសមិទ្ធផល ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏បានសម្រេចជួយឧបត្ថម្ភអគារសិក្សា១ខ្នង និងបំពាក់សម្ភារក្នុងតម្លៃទឹកប្រាក់ជាង ២៣ម៉ឺនដុល្លារ ដល់សាលានគរបាលជាតិភូមិភាគ២ផងដែរ។

ស្ថិតក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានលើកឡើងថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្តី បទពិសោធ ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ២ និងសាលានគរបាលភូមិភាគផ្សេងៗទៀត ក្នុងពេលជាមួយគ្នា ដោយសារតែគំនិតដឹកនាំ និងច្នៃប្រឌិតខ្ពស់របស់ថ្នាក់ដឹកនាំបណ្ឌិត្យសភា។

ការវិវឌ្ឍរីកចម្រើននេះ បានឆ្លើយតបនឹងតម្រូវការ នៃការបណ្តុះបណ្តាលនគរបាលជាតិ ក្នុងយុគសម័យនៃសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស់វៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕