(កំពង់ឆ្នាំង)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំភ្លេចទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សម្តេចមានប្រសាសន៍ថា ការទៅចូលរួមបោះឆ្នោត គឺកាតព្វកិច្ចដែលត្រូវពលរដ្ឋគួរបំពេញក្នុងរយៈពេល៥ឆ្នាំម្តង ដោយឆ្នាំនេះ មានគណបក្សចំនួន១៨ បានចូលរួមក្នុងការប្រកួតប្រជែង។
សម្តេចតេជោ មានប្រសាសន៍ថា៖ «សូមកុំភ្លេចទៅបំពេញកាតព្វកិច្ច ៥ម្តង យើងមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង សូមទៅបោះឆ្នោតសម្រាប់ការជ្រើសរើស ការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា។ ប្រទេសកម្ពុជា គឺជាប្រទេសដែលអនុវត្តទៀងទាត់ ច្បាស់លាស់បើប្រៀបធៀបជាមួយប្រទេសដទៃ។ ប្រទេសដទៃផ្តល់ការអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តីស្នើសុំទៅព្រះមហាក្សត្រ ឬប្រមុខរដ្ឋរំលាយសភាមុនអាណត្តិបោះឆ្នោត ប៉ុន្តែនៅកម្ពុជាអត់ធ្វើអ៊ីចឹងបានទេ រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តីរំលាយសភាទេ រដ្ឋធម្មនុញ្ញបានកំណត់និតិកាលមានរយៈពេល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរដ្ឋាភិបាលត្រូវរំលាយពីរដងក្នុងរយៈពេល១២ខែ ហើយសភានឹងអស់អាណត្តិនៅពេលដែលសភាថ្មីចូលកាន់ដំណែង»។
បន្ថែមពីនេះ ច្បាប់រដ្ឋធម្មនុញ្ញបានបានកំណត់ថា រៀងរាល់ថ្ងៃអាទិត្យ នាសប្តាហ៍ទី៤ ខែកក្កដា ត្រូវចាត់តាំងការបោះឆ្នោតជ្រើសរើសរាជរដ្ឋាភិបាលថ្មី ដោយឆ្នាំនេះ កម្ពុជាកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោត។
បើតាមការលើកឡើងរបស់សម្តេចតេជោ រាជរដ្ឋាភិបាលថ្មី អាចនឹងចាប់កំណើតនៅដំណាច់ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
ជាមួយគ្នានេះ សម្តេចផ្តាំផ្ញើដល់ប្រជាពលរដ្ឋកុំភ្លេច គណបក្សប្រជាជនដែលមានរូបសញ្ញាទេវតាបាចផ្កា ព្រោះទេវតា តែងតែនៅក្នុងអារម្មណ៍ប្រជាជនជានិច្ច ជាពិសេសនៅពេលជួបបញ្ហា។
សម្តេចមានប្រសាសន៍បន្តថា៖ «ទេវតាបានរស់នៅជាមួយយើង ដែលវាជាភ័ព្វសំណាង ដែលកាលពីជំនាន់អាពត ជីដូនជីតា ឪពុកម្តាយរបស់ចៅៗបន់ស្រន់ទេវតាឱ្យជួយផង ហើយសូម្បីតែអ្នកប្រឆាំងមានរឿងអីក៏បន់ស្រន់ទេវតាអើយជួយផង ហើយទេវតាមិនប៉ះគណបក្សប្រជាជន វាមិនដែលថា ពេលដែលមានការអីកើតឡើងទៅនិយាយ យមរាជអើយជួយផងទេ គឺស្រែករកទេវតាជួយហើយ។ ហើយចៃដន្យអីគណបក្សប្រជាជនយកសញ្ញាទេវតាបាចផ្កាយកមកធ្វើជានិមិត្តសញ្ញារបស់ខ្លួន។»៕