(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងអំពាវនាវឱ្យកម្មករនិយោជិត ត្រូវយកចិត្តទុកដាក់ជាមួយការងារ ហើយកម្មករនិយោជិត និងនយោជក មិនត្រូវមានជម្លោះណាមួយនៅក្នុងរោងចក្រឡើយ។

ថ្លែងពេលចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ដល់អភិបាលខេត្ត ត្រូវប្រឹងប្រែងមើលការខុសត្រូវនៅតាមរោងចក្រ សហគ្រាស ដោយតាមដានដោះស្រាយបញ្ហាបើសិនជាមានជម្លោះក្នុងរោងចក្រ។ បើតាមប្រសាសន៍សម្តេចតេជោ សម្តេចមិនចង់ឃើញបញ្ហានៅតាមរោងចក្រ ឡើងដល់ស្ថាប័នតុលាការនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងទេ ត្រូវយកចិត្តទុកដាក់ដោះស្រាយ កុំឲ្យវាទៅជាជំងឺមហារីក។ ពីដើម គេមិនធ្វើបាតុកម្ម វាទៅរុញបើកទ្វារឲ្យគេធ្វើបាតុកម្ម ឥឡូវអាមេរោគហ្នឹងទៅបាត់ហើយ។ ឥឡូវសួរថា បាតុកម្មដោះស្រាយបានបញ្ហាអ្វីពិតប្រាកដ? កាលមុន អ្នកបាតុកម្មមានមិនដល់ ១០ភាគរយទេ កម្មករ ២ពាន់នាក់ ឯធ្វើបាតុកម្មមានតែ ៥០នាក់ទេ ប៉ុន្តែទៅរេរាំងកុំឲ្យគេចូលធ្វើការ។ ពីថ្ងៃហ្នឹងទៅ អត់ឲ្យមានទេអាធន់ហ្នឹង ខិតខំសម្របសម្រួលគ្នា»

សម្តេចតេជោ បានបន្តថា នយោជក និងកម្មករនិយោជិត គឺជាដៃគូជាមួយគ្នាមិនអាចខ្វះមួយណាបានទេ។ សម្តេចសង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តអនុវត្តនូវអនុសាសន៍ទាំងឡាយ ដែលបានដាក់ចេញកន្លងទៅ ខិតខំធ្វើយ៉ាងម៉េចឲ្យផលិតកម្មនៅកម្ពុជា នៅតែជាផលិតកម្មដែលអាចបំពេញ មិនមែនតែតម្រូវការក្នុងស្រុក តែត្រូវនាំចេញផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា គណបក្សប្រឆាំងស្រែកទាមទារដំឡើងប្រាក់ឈ្នួលកម្រិតណាក៏ដោយ បើរាជរដ្ឋាភិបាលមិនដំឡើង មិនអាចទៅរួចនោះឡើយ។ ជាមួយគ្នានេះ សម្តេចតេជោ ជំរុញដល់កម្មករ កម្មការិនី ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំង ដែលរារាំងបរទេសមិនមកវិនិយោគនៅកម្ពុជា, មិនផ្តល់ជំនួយ, មិនទិញ និងដាក់ទណ្ឌកម្មលើកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ជនមានពិការភាពនៅតាមរោងចក្រ សហគ្រាសនានា ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោង១៥នាទី ដូចនឹងកម្មការិនីមានផ្ទៃពោះ។ សម្តេចតេជោ ក៏បន្តអំពាវនាវដល់ថៅកែរោងចក្រយកចិត្តទុកដាក់លើកម្មករ កម្មការិនី ព្រោះថា កម្មករ កម្មការិនី មានសុខភាពល្អ ច្រវាក់ផលិតកម្មក៏ល្អដែរ៕