(កែប)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងពេលវេលា កម្លាំងកាយ និងប្រាជ្ញាស្មារតី, ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ពិតជាបានបង្ហាញឱ្យមហាជនឃើញច្បាស់នូវអំពើល្អ និងបេះដូងដ៏កក់ក្តៅរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ១៩។

ការថ្លែងបែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសលោកបណ្ឌិត បានជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ។

នាឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គោលការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា គឺទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជន ហើយអ្វីៗគឺដើម្បីប្រជាជន។

លោកបណ្ឌិត ក៏សូមនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករព្ញកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមថ្នាក់ដឹកនាំគ្រប់រូបនៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក-សមាជិកា និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ និងសូមថ្លែងអំណរគុណចំពោះការលះបង់ និងការខិតខំបំពេញតួនាទី និងភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយ និងគោលការណ៍កំណែទម្រង់ផ្សេងៗរបស់រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម និងជម្លោះបែកបាក់ ដែលជាបទពិសោធន៍ដ៏សែនឈឺចាប់ខ្លោចផ្សា ហើយក៏មានការបែងចែកតំបន់កាន់កាប់ដោយមិនមានឯកភាពទឹកដីឡើយ ប៉ុន្តែបច្ចុប្បន្នយើងកំពុងរស់នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ និងទទួលបានមកវិញនូវការឯកភាពទឹកដី ព្រមជាមួយនឹងឱកាសអំណោយផលគ្រប់បែបយ៉ាង ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងវិបុលភាព សម្រាប់ការរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងរាជរដ្ឋាភិបាលតែមួយ ដែលបានប្តេជ្ញាជ្រោងទង់ព្រះមហាក្សត្រ និងលើកកម្ពស់គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ជារៀងដរាប៕