(ភ្នំពេញ)៖ លោក ម៉េង សក្ដិធារា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិល ដែលធ្វើការលើវិស័យប្រេងកាតនៅកម្ពុជា គាំទ្រចំពោះការបង្កើតច្បាប់ស្ដីពី ប្រេងកាត របស់ក្រសួង ព្រោះវាបានបង្កើតនូវតម្លាភាព ហើយនឹងជំនឿទុកចិត្ត និងភាពច្បាស់លាស់ជាងមុន សម្រាប់ការវិនិយោគ នៅពេលដែលក្រសួងរ៉ែ និងថាមពល បានបង្កើតច្បាប់នេះឡើង។
លោកបន្ដថា ក្រុមហ៊ុនឯកជនមានការសប្បាយរីករាយ ដែលក្រសួងបានបើកកិច្ចពិភាក្សាពិគ្រោះយោបល់ ពីសំណាក់ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិល។ លោកលើកឡើងបែបនេះ ក្នុងសិក្ខាសិលា ពិគ្រោះយោបល់ ស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ប្រេងកាត របស់អគ្គនាយកដ្ឋានប្រេងកាត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងនោះដែលក៏មានការចូលរួមពី ថ្នា្កក់ដឹកនាំរបស់អគ្គនាយក ក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិល ដែលប្រមាណជាង៥០ស្ថាប័នផ្សេងគ្នា។
លោកបានបញ្ជាក់ឲ្យដឹងថា ច្បាប់ស្ដីពីប្រេងកាតនេះ មានវិសាលភាពក្នុងការគ្រប់គ្រងសកម្មភាព ដែលធុរកិច្ចពាក់ព័ន្ធវិស័យប្រេងកាត និងឧស្ម័ន ចាប់តាំងពីការសិក្សាស្វែងរុករក រហូតដល់ការធ្វើអាជីវកម្ម រហូតដល់ការធ្វើការកែច្នៃសម្រាញ់ ដឹកជញ្ជូន ប្រើប្រាស់ប្រេង ឧស្ម័នផ្សេងៗទាំងអស់។
លោកបន្ថែមថា សង្គមស៊ីវិលបានចូលរួមយ៉ាងសកម្ម ហើយបានផ្ដល់ធាតុចូលសំខាន់ៗបន្ថែមទៀត ដែលមានលក្ខណៈជាគោលនយោបាយ យុទ្ធសាស្ដ្រល្អៗ ជាច្រើន ជាពិសេសទៅលើ ការការពារផលប្រយោជន៍ខាងបរិស្ថាន សង្គម ប្រជាជននៅតាមមូលដ្ឋាន ដែលអាចនឹងទទួលរងផលប៉ះពាល់ ពីប្រតិបត្តិការធុរកិច្ចនៅលើវិស័យប្រេងកាត និងឧស្ម័ននេះ ហើយធាតុដែលបានដាក់បញ្ជូល សំខាន់ៗនោះ នឹងត្រូវយកមកគិតគួរកែសម្រួល លើសេចក្ដីព្រាងច្បាប់នេះបន្ថែម។
លោកបន្ដថា ក្រៅពីសង្គមស៊ីវិល ក្រុមហ៊ុនឯកជនក៏បានដាក់បញ្ជូល នៅធាតុសំខាន់ៗបន្ថែមទៀត ដែលទី១-ទិដ្ឋភាពនៃការបង្កើតបរិយាកាសនៃការវិនិយោគ ឲ្យមានលក្ខណៈតម្លាភាព យុត្តិធម៌ សមស្របអាចប្រកួតប្រជែង ទាក់ទាញឲ្យមានការវិនិយោគឲ្យមានកាន់តែច្រើន ទី២-ទាក់ទងនឹងទិដ្ឋភាពសេដ្ឋកិច្ច ដែលតម្រូលឲ្យ មានសុគតភាពរវាង ច្បាប់ស្ដីពីប្រេងកាតនេះ ជាមួយច្បាប់ផ្សេងៗដូចជា ច្បាប់ពន្ធដា ច្បាប់បរិស្ថាន ជាដើម ដើម្បីធ្វើយ៉ាងណាអាចឲ្យ ចំណូលសេដ្ឋកិច្ចមានការកើនឡើង។
លោករដ្ឋលេខាធិ បានអះអាងថា ក្រសួងនឹងខិតខំធ្វើយ៉ាងណាឲ្យច្បាប់នេះទៅដល់ដៃរដ្ឋសភា នៅចុងឆ្នាំ២០១៧ខាងមុននេះ ៕