(កំពង់ឆ្នាំង)៖ ថ្លែងចេញពីខេត្ដកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា ជនមានពិការភាពនៅតាមរោងចក្រ និងសហគ្រាសនានា ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង១៥នាទី ដូចនឹងកម្មការិនីមានផ្ទៃពោះ។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរ អាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាល ធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃមុនពេលទៅកំពង់ស្ពឺ មានកម្មការិនីម្នាក់ បានស្នើសុំឲ្យជនពិការ ដែលធ្វើការនៅតាមរោងចក្រ បានចេញមុនម៉ោង ដូចជាស្ដ្រីមានផ្ទៃពោះ។ ខ្ញុំសូមប្រកាសជូនថា គ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានជនពិការ ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង ដូចស្ដ្រីមានផ្ទៃពោះដែរ»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីមុន ស្ដ្រីមានផ្ទៃពោះ ត្រូវចេញបញ្ជៀសជាមួយគេ ហើយសម្ដេចបានដឹងបញ្ហានេះ ពេលចុះនៅតាមរោងចក្រ ដូច្នេះបានលើកបញ្ហានេះ ជាមួយនឹងម្ចាស់រោងចក្រ ដែលសូមឲ្យស្ដ្រីមានផ្ទៃពោះ បានចេញមុន ដើម្បីជៀសវាងការប៉ះទង្គិចណាមួយដល់កូន ដោយអនុញ្ញាតឲ្យចេញ ១៥នាទីមុន យ៉ាងតិច។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យគ្រប់ទីកន្លែង នៅទូទាំងប្រទេស មិនថាតាមរោងចក្រ និងតាមស្ថាប័ន ទាំងរដ្ឋ និងឯកជន សូមផ្ដល់ឱកាសសម្រាប់ស្ដ្រីមានផ្ទៃពោះ បានចេញមុនម៉ោង និងសម្រាប់ជនពិការ ដើម្បីបង្កលក្ខណៈងាយស្រួល ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសិនជាផ្នែករដ្ឋ គួរតែផ្ដល់ម៉ោងច្រើន ជាង១៥នាទី ព្រោះវាមិនមានចំនួនច្រើននោះទេ ក្នុងអនុញ្ញាតឲ្យចេញមុន ព្រោះថា ស្ដ្រីមានផ្ទៃពោះ និងជនពិការ ត្រូវធ្វើដំណើរយឺត ជាមនុស្សមិនពិការ និងមានផ្ទៃពោះ។

សម្ដេចតេជោ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលខិតខំរួមគ្នា ដើម្បីយ៉ាងម្ដេចធានាថា សុខភាពកម្មករ ត្រូវបានយកចិត្ដទុកដាក់ ជាមួយនឹងផលប្រយោជន៍ទាំងឡាយ ដែលកម្មករ-កម្មការិនី គប្បីត្រូវបានទទួលការងារធ្វើ ដែលម្ខាងជាសេដ្ឋកិច្ចរួមជាតិ និងម្ខាងទៀត ជាផ្ដល់ប្រយោជន៍ផ្ទាល់ របស់កម្មករ-កម្មការរិនី ដែលទទួលបានការងារធ្វើ។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្ដកសាងហេដ្ឋារចនាសម្ព័ន្ធ ជាផ្លូវខ្នល់ ជាកំពង់ផែ ជាអគ្គិសនី ជាព្រលានយន្ដហោះ ដើម្បីទាក់ទាញវិនិយោគទុន ឲ្យកាន់តែច្រើន សម្រាប់អភិវឌ្ឍន៍ប្រទេស និងដោះស្រាយការងារធ្វើ សម្រាប់កម្មករ-កម្មការិនី៕