(ភ្នំពេញ)៖ ក្រោមការរៀបចំរបស់សភាពាណិជ្ជកម្មកម្ពុជា វេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី២ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងជំរុញធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ និងប្រព្រឹត្តទៅស្របពេលនឹងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

វេទិការធុរកិច្ចនេះដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេសរបស់អេមីរ៉ាតអារ៉ាប់រួម ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័ន និងក្រុមហ៊ុននៃប្រទេសទាំងពីរ សរុប១២០នាក់។

វេទិកាធុរកិច្ចនេះ មានគោលបំណងជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ និងបានលើកយកមកពិភាក្សានូវប្រធានបទសំខាន់ៗរួមមាន៖
១. កាលានុវត្តភាពវិនិយោគនៅកម្ពុជា
២. ប្រព័ន្ធអេកូវិនិយោគអេមីរ៉ាតអារ៉ាប់រួម
៣. វិស័យកសិកម្មកម្ពុជា
៤. វិស័យកសិកម្មអេមីរ៉ាតអារ៉ាប់រួម
៥. សេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា
៦. សំណើគម្រោងភាពជាដៃគូយុទ្ធសាស្ត្រស្នើដោយក្រុមហ៊ុនអេមីរ៉ាតអារ៉ាប់រួម
៧. វិស័យកម្មន្តសាលកម្ពុជា
៨. អនាគតវិស័យថាមពលប្រកបដោយចីរភាព អេមីរ៉ាតអារ៉ាប់រួម។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា វេទិកាធុរកិច្ចនេះរៀបចំឡើងក្នុងគោលបំណងជំរុញធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ និងប្រព្រឹត្តទៅស្របពេលនឹងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម។

អ្នកឧកញ៉ាប្រធាន បានជម្រាបជូនវិនិយោគិនអេមីរ៉ាតអារ៉ាប់រួមអំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងវិស័យសក្តានុពលនានាដែលវិនិយោគិនអាចពិចារណាក្នុងការវិនិយោគនៅកម្ពុជា រួមមានដូចជា៖ វិស័យកាត់ដេរសម្លៀកបំពាក់ កសិកម្ម ទេសចរណ៍ សំណង់ និងវិស័យអាទិភាពនានា ដូចជា ការដំឡើងយានយន្ត/អេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន ថាមពល បច្ចេកវិទ្យាបៃតង និងកសិឧហ្សាហកម្ម។

អ្នកឧកញ៉ាប្រធានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិមានសន្តិភាពពេញលេញ និងមានស្ថិរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ច ដែលជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍ និងការធ្វើធុរកិច្ចនិងវិនិយោគគ្រប់ប្រភេទ។

វេទិកាធុរកិច្ចបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងបានជជែកពិភាក្សាលើប្រធានបទសំខាន់ៗខាងលើ ដោយផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាបច្ចុប្បន្នភាពវិស័យនីមួយៗ និងពិនិត្យលទ្ធភាពសហប្រតិបត្តិការរួម៕