(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការណ៍ដែលរាជរដ្ឋាភិបាលខិតខំទាក់ទាញឱ្យអ្នកវិនិយោគបង្កើតរោងចក្រ/សហគ្រាសនៅតាមបណ្ដាខេត្ត បានផ្ដល់ប្រយោជន៍ច្រើនណាស់សម្រាប់កម្មករនិយោជិត និងនិយោជក ដែលនេះគឺជាការរៀបចំគោលនយោបាយយ៉ាងច្បាស់លាស់ មិនមែនចេះតែធ្វើៗកញ្ឆក់កណ្ដៀតនោះឡើយ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោបានរំឭកថា កាលពីខែកុម្ភៈ ឆ្នាំ១៩៩៩ សម្ដេចតេជោបានដឹកនាំវេទិកាដំបូងមួយរវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន ពេលនោះសម្ដេចតេជោបានដាក់ចេញអនុសាសន៍ឱ្យបណ្ដារោងចក្រមួយចំនួនទៅបង្កើតនៅតាមបណ្ដាខេត្ត ព្រោះមិនអាចប្រមូលផ្ដុំរោងចក្រនៅរាជធានីភ្នំពេញនោះទេ​ ចាំបាច់ត្រូវពង្រាយនៅតាមបណ្ដាខេត្តឱ្យបានច្រើន តួយ៉ាងបច្ចុប្បន្នខេត្តកំពង់ឆ្នាំងមានរោងចក្រចំនួន១៧៣ ដែលមានកម្មករជាង៥ម៉ឺននាក់ ក៏មានរោងចក្រនៅខេត្តពោធិ៍សាត់ដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «ចក្ខុវិស័យដែលរាជរដ្ឋាភិបាលបានរៀបចំ មិនមែនកញ្ឆក់កណ្ដៀតនោះទេ។ គណបក្សប្រជាជនដែលដឹកនាំរាជរដ្ឋាភិបាល មិនមែនដាក់ចេញគោលនយោបាយកញ្ឆក់កណ្ដៀតនោះឡើយ គឺមានការរៀបចំបានត្រឹមត្រូវ»

សម្ដេចតេជោបានបន្តថា ការកសាងផ្លូវថ្នល់ ការរៀបចំបណ្ដាញអគ្គិសនី ក៏ជាផ្នែកនៃការទាក់ទាញវិនិយោគឱ្យទៅតាមបណ្ដាខេត្តនានាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតរោងចក្រ/សហគ្រាសមកតាមបណ្ដាខេត្ត គឺបានជួយកាត់បន្ថយសម្ពាធនៅរាជធានីភ្នំពេញ បង្កើតភាពងាយស្រួលសម្រាប់កម្មករ/កម្មការិនី កូនចៅរបស់ប្រជាពលរដ្ឋងាយស្រួលរកការងារធ្វើនៅហ្នឹងកន្លែង ហើយស្នាក់នៅផ្ទះរបស់ខ្លួន មិនចាំបាច់ចំណាយថ្លៃផ្ទះជួល គ្រាន់តែចំណាយថ្លៃដឹកជញ្ជូនតិចតួចប៉ុណ្ណោះ។

សម្ដេចតេជោបានបន្តថា ការណ៍ដែលមានរោចក្រ/សហគ្រាសនៅតាមខេត្តបែបនេះ ក៏ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ បង្កើនផលិតកម្មការងារ ជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកលូតលាស់ ពិសេសសេដ្ឋកិច្ចមូលដ្ឋាន៕