(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អធិបាលខេត្តកំពង់ស្ពឺ រួមទាំងប្រធានក្រុមប្រឹក្សាកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស សមាគមសិស្ស និសិត្សនៅព្រឹកថ្ងៃ២១ ខែកក្តដា ឆ្នាំ២០១៦នេះ បានយកកូនឈើចំនួន ៣០០០ដើម រួមមានការដាំដើមឈើប្រណិត និងដើមឈើហូមផ្លែជាង ៣០០០ដើម លើផ្ទៃដីទំហំ២ហិកតាកន្លះ ក្នុងពិធីបុណ្យរុក្ខទិវាជាតិ ស្ថិតក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្នុងការពិធីនេះលោក វ៉ី សំណាង បានថ្លែងថា ពិធីបុណ្យរុក្ខទិវាដែលជាប្រពៃណីជាតិ ដ៏ថ្លៃថ្លានេះត្រូវបានអាក់ខានក្នុងអំឡុងពេល ប្រទេសយើងបានធ្លាក់ ក្នុងភ្លើងសង្គ្រាម ជាពិសេសក្នុងរបប ប្រល័យពូជសាសន៍ ប៉ុលពតចន្លោះឆ្ នាំ១៩៧៥-១៩៧៩។
ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ប្រទេសជាតិបានចាកចេញពីភាពខ្ទេចខ្ទាំដោយសារសង្គ្រាម ពិធីបុណ្យរុក្ខទិវាត្រូវបានបង្កើតឡើងវិញ ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ ដែលកំណត់យកថ្ងៃ៩ កក្កដា រៀងរាល់ឆ្នាំក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងយោងតាមច្បាប់ស្តី ពីព្រៃឈើ ដែលប្រកាសឲ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/ ០៨០២/០១៦ចុះថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០០២ ទិវាពលកម្មដាំ ដើមឈើជាប្រពៃណីជាតិ ហៅថា រុក្ខទិវា ត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ កក្កដា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិយើងបាន ចាប់ផ្តើមបោះជំហានទៅកាន់ការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រៃឈើ ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ជម្រុញការអនុវត្តកម្មវិធី ព្រៃឈើជាតិមានដូចជា៖ ការកំណត់ព្រំប្រទល់ព្រៃឈើ ការអភិរក្សធនធានព្រៃឈើ និងជីវជម្រុះការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ កម្មវិធីសហគមន៍ព្រៃឈើ និងការផ្សព្វផ្សាយជាដើម ដើម្បីចូលរួមចំណែកក្នុងការស្តារ វិស័យព្រៃឈើ និងអភិវឌ្ឍប្រទេសជាតិ។
លោកបន្តថា ជាក់ស្តែងក្នុងឆ្នាំ២០១៦នេះ ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅថា រុក្ខទិវាបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា កន្លងមកនេះនៅភូមិគ១ ឃុំស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ ក្រោមធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីជាទីគោរពសក្ការៈ។
អបអរសាទរបុណ្យរុក្ខទិវា៩ កក្កដា ឆ្នាំនេះកូនឈើដែលត្រូវដាំមានចំនួន3000ដើមកូនឈើ ប្រភេទប្រណីត (បេង ក្រញូង នាងនួន ធ្នង់) ចំនួន៣០០០ដើម លើផ្ទៃដីទំហំ៣ហិកតាក្នុងបរិវេណនេះ ហើយបានត្រៀមកូនឈើហូបផ្លៃ កូនឈើរយៈពេលខ្លីសរុបចំនួន ៥០០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ មន្ត្រីរាជការយកទោដាំផងដែរ។
លោកបន្តទៀតថា លោកនឹងជំរុញតាមអង្គភាព ទីសាធារណៈវត្តអារាមសាលារៀន និងតាមលំនៅ ដ្ឋានរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវចូលរួមថែទាំព្រៃឈើ និងរួមគ្នាដាំឡើងវិញ ដើម្បីកាត់បន្ថយការបម្រែបម្រួលអាកាសធាតុជាសកល ដើម្បីរួមចំណែក ក្នុងកិច្ចថែរក្សាការពារបរិស្ថានឲ្យបានល្អ បង្កើនសោភ័ណភាព ប្រកបដោយពណ៌បៃតងស្រស់បំព្រង និងកាត់បន្ថយជាតិពុល ក្នុងបរិកាស ដែលជាកាកសំណល់ បញ្ចេញពីគ្រឿងចក្រ យានយន្តតូច-ធំគ្រប់ប្រភេទ ដូច្នេះ មន្ត្រីរដ្ឋបាល ព្រៃឈើ ត្រូយកចិត្តទុកដាក់ស ហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការចែកចាយ នៅតាមស្រុកនានា និងតាមវត្តអារាមក្នុងខេត្ត ទាំងមូល ហើយកូនឈើដែល នៅសល់ក្នុងថ្នាលនឹងធ្វើការចែកជូនជាបន្ត៕