ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ យុវសិស្សចំនួន៦០០នាក់ នៅសាលារៀនអន្តរទ្ធីបអាមេរិកាំង សាខាទួលគោក ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក
07-06-2023 22:46
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ អនុវត្តតាមយុទ្ធសាស្រ្តពហុវិស័យ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយសាលារៀនអន្តរទ្ធីបអាមេរិកាំង សាខាទួលគោក បន្តផ្សព្វផ្សាយពី ផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិកជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា សិស្សថ្នាក់ទី១០ ថ្នាក់ទី១១ ចំនួន៦០០នាក់។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការផ្សព្វផ្សាយនេះ រៀបចំក្នុងគោលបំណងសំខាន់បំផុត គឺពង្រឹងសមត្ថភាពចំណេះដឹងជួយបង្ការ ទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិកទាំងក្នុងគ្រួសារសាលារៀន និងសហគមន៍របស់ពួកគាត់ កុំឲ្យទៅពាក់ព័ន្ធបញ្ហាទាំងនេះ នាំបង្កហានិភ័យ ទុក្ខសោកនាដកម្មដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមទៀតថា យុវជន យុវតី នៅក្នុងវ័យ១៦ឆ្នាំ ដល់១៧ឆ្នាំនេះ គឺជាវ័យមួយដែលពោរពេញ ដោយការលូតលាស់ចង់សាក ចង់ដឹង ចង់ស្គាល់នូវអ្វីៗ ដែលថ្មីៗ ដែលតំរូវឲ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមជួយពួកគាត់តម្រង់ផ្លូវ ឲ្យចាប់យកនូវបទពិសោធន៍ល្អ សម្រាប់ជាទុនសម្រាប់ដំណើរឆ្ពោះ ទៅអនាគតរុងរឿងគេចផុតបានពីអំពើអបាយផ្សេងៗពិសេស គឺបញ្ហាគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់ដឹងបន្ថែមទៀតថា សិស្សទាំងអស់ពិតជាក្លាហានណាស់ តាមរយៈការសហការចូលរួមបង្ហាញ នូវការចែករំលែកចំណេះដឹង និងចម្ងល់នានា ពីបញ្ហាគ្រឿងញៀន ដើម្បីទទួលបានព័់ត៌មានពិតពីបញ្ហាគ្រឿងញៀន «ការទទួលបានព័ត៌មានពិតពីបញ្ហាគ្រឿងញៀន អាចជួយមនុស្សជាទីស្រឡាញ់ចាកផុតបានពីបញ្ហាគ្រឿងញៀន»៕