(ភ្នំពេញ)៖ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៧​ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅព្រះមហាប្រាសាទខេមរិន្ទព្រះបរមរាជវាំង។

ការចូលក្រាបបង្គំគាល់នេះ បានប្រព្រឹត្ដទៅបន្ទាប់ពីទទួលបានព្រះរាជានុញ្ញាត ពីព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នេះ ដើម្បីថ្វាយព្រះរាជអំណរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទូលថ្វាយរបាយការណ៍ក្រាបបង្គំទូលថ្វាយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពីសមិទ្ធផលការងារ និងទិសដៅបន្តរបស់កាកបាទក្រហមកម្ពុជា។

សម្រាប់គណៈប្រតិភូដែលអញ្ជើញអមដំណើរ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល រួមមានលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា លោកស្រីសម្តេចវិបុលបញ្ញា សុខអាន អនុប្រធាន, លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក, លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងលោក ឌួង អេលីត នាយកពិធីការ។

ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នោះ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានដល់គណៈប្រតិភូ ជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ចូលក្រាបបង្គំគាល់ ដើម្បីថ្វាយព្រះរាជអំណរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទូលថ្វាយរបាយការណ៍ក្រាបបង្គំទូលថ្វាយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពីសមិទ្ធផលការងារ និងទិសដៅបន្តរបស់កាកបាទក្រហមកម្ពុជា។

សម្ដេចចៅហ្វាវាំង អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ និងសូមព្រះប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសូមព្រះបរមរាជានុញ្ញាត អាននូវរបាយការណ៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្តីពីសមិទ្ធផលការងាររបស់សមាគមជាតិឆ្នាំ២០២២ និង ៥ខែ ដើមឆ្នាំ២០២៣ រួមនឹងព្រឹត្តិការណ៍សំខាន់ចំនួន៤ ដែលខ្លឹមសារដូចតទៅ៖

១៖ ការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ឆ្នាំនេះ ជាឆ្នាំទី៤ហើយ ដែលកាកបាទក្រហមកម្ពុជា ពុំបានប្រារព្ធមិខ្ទីងថ្នាក់ជាតិអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា តែកាកបាទក្រហមកម្ពុជា បានយកឱកាសនៃខួប១៦០ឆ្នាំ នៃទិវា ៨ ឧសភា នេះ ធ្វើយុទ្ធនាការកៀរគររកមូលនិធិ តាមរយៈប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» អំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋាន ឱ្យបន្តឧបត្ថម្ភគាំទ្រដល់កាកបាទក្រហម
កម្ពុជា។ មកដល់ ថ្ងៃទី១ ខែមិថុនានេះ ថ្នាក់កណ្តាលបានទទួលសម្ភារៈ និងថវិកា ពីសប្បុរសជន ៩៩៩ អង្គ/នាក់ មានមូលនិធិសមមូលជាដុល្លារអាមេរិក ចំនួន ១៣,៩៧០,១៩០ដុល្លារ។ ចំណែកនៅតាមសាខាខេត្តចំនួន ២៤ទៀត ក៏បាន និងកំពុងដំណើរការកៀរគររកមូលនិធិតាមលទ្ធភាពរៀងៗខ្លួន។

ដោយមានព្រះរាជកិច្ចគាំទ្រ និងព្រះរាជូបត្ថម្ភព្រះរាជទ្រព្យពីព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែជាអម្ចាស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រចាំខែ ប្រចាំត្រីមាស និងក្នុងទិវា ៨ ឧសភា រួមជាមួយមូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានផងនោះ កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើប្រតិបត្តិការមនុស្សធម៌ទៅតាមផែនការអភិវឌ្ឍឆ្នាំទី២ និងឆ្នាំទី៣ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលមានវិស័យអាទិភាពទាំង ៤ ពោលគឺការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ការអប់រំថែទាំសុខភាពតាមសហគមន៍, ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សុខុមាលភាពសង្គម, និងការអភិវឌ្ឍស្ថាប័ន/អភិវឌ្ឍសាខា ដែលគ្រួសារប្រជានុរាស្ត្រងាយរងគ្រោះបំផុតជាង ១២ម៉ឺនគ្រួសារ ទទួលផលដោយផ្ទាល់ពីការផ្តល់អំណោយសម្រាលជីវភាព, ការកសាងសមិទ្ធផល ជាផ្ទះស្នាក់អាស្រ័យ, ជាកន្លែងលាងសម្អាតដៃ, បង្គន់អនាម័យ, អណ្ដូងទឹកស្អាត។ល។

លើសពីនេះទៅទៀត កាកបាទក្រហមកម្ពុជា បានពង្រីកការផ្ដល់ទុនប្រាក់កម្ចីឥតការប្រាក់ចំនួន ៥៤៣គ្រួសារបន្ថែម ក្នុងឆ្នាំ២០២២ និងពង្រីកបន្ថែមទៀតនៅដើមឆ្នាំ២០២៣នេះ ចំនួន ២៦៧គ្រួសារ រួមជាមួយការបង្វិលប្រាក់ដើមទុនចាស់រំលស់មកវិញសម្រេចបានសរុប ៨១០គ្រួសារ នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់មីន ក្នុងខេត្តពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារ។ ចំណែកការអប់រំផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីការប្រែប្រួលអាកាសធាតុ, ការថែទាំសុខភាពសាធារណៈ សុខភាពមាតា-ទារក កុមារ មនុស្សចាស់, ការយល់ដឹងពីជំងឺមហារីកសុដន់ មហារីកមាត់ស្បូន,ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, គ្រោះថ្នាក់ដោយសារមីន, ការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមសម្រេចបានផ្ទាល់ជាង ៥២ម៉ឺនគ្រួសារ និងប្រយោលជាច្រើនម៉ឺនគ្រួសារទៀត។

កាកបាទក្រហមកម្ពុជាបានបន្តផ្តល់មូលនិធិ ១លានដុល្លារ ដែលឆ្នាំនេះ ជាលើកទី១២ ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងផ្តល់ការឧបត្ថម្ភថវិកា និងស្បៀង តាមចំនួនសមស្របដល់មន្ទីរពេទ្យកុមារអង្គរ និងអង្គការ/សមាគម ចំនួន ២០,បានផ្តល់ថវិកា ២លានដុល្លារ ដល់អាជ្ញាធរមីន និងបានជួយដល់គ្រោះរញ្ជួយដីនៅទួរគី ១០ម៉ឺនដុល្លារ។

២៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែជាអម្ចាស់ដូចជារៀងរាល់ឆ្នាំដែរ កាកបាទក្រហមកម្ពុជា និងសាខាទាំង២៥រាជធានី-ខេត្ត នឹងមានរៀបចំពិធីបុណ្យតាមប្រពៃណី ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ហ្លួងម៉ែ ជាអម្ចាស់ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ ៖

*សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចាត់សហការីទៅប្រគេនទេយ្យវត្ថុ-ចង្ហាន់នៅវត្តចំនួន១១ ដែលមានសម្តេចព្រះមហាសង្ឃរាជ និងសម្តេចសង្ឃនៃគណៈធម្មយុត្តិ និងគណៈមហានិកាយ ជាព្រះគ្រូចៅអធិការ។
*ចងក្រងខ្សែឯកសារព្រះរាជសកម្មភាពមនុស្សធម៌ សប្បុរសធម៌ រួមជាមួយព្រះរាជសកម្មភាពផ្សេងៗរបស់ ហ្លួងម៉ ជាអម្ចាស់ ដើម្បីចាក់ផ្សាយតាមទូរទស្សន៍ជាតិ និងទូរទស្សន៍ផ្សេងៗទៀត។
*រៀបចំកម្មវិធីសិល្បៈ ចម្រៀង របាំ រួមជាមួយសារថ្វាយព្រះពរពីគ្រប់ទិសទី ចាក់ផ្សាយតាមទូរទស្សន៍ជាតិ នៅថ្ងៃទី ១៧-១៨-១៩ ខែមិថុនា។
*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំទៅសាខារាជធានី-ខេត្ត រៀបចំព្រះរាជពិធីសូត្រមន្ត ចម្រើនព្រះបរិត្តរាប់បាត្រ ឬប្រគេនទេយ្យវត្ថុ-ចង្ហាន់ ចំពោះព្រះសង្ឃទៅតាមសភាពជាក់ស្តែងរបស់សាខានីមួយៗ
រួមជាមួយការទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ហ្លួងម៉ែ ជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

៣៖ ឆ្នាំនេះកាកបាទក្រហមកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមព្រុយណេ ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវអន្តរជាតិរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាការជឿជាក់យ៉ាងមុតមាំរបស់ថា តាមរយៈការធ្វើការរួមគ្នា យើងអាចធ្វើបានកាន់តែច្រើន និងមានឥទ្ធិពលបន្ថែមទៀត។
កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នឹងប្រមូលផ្ដុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងគណៈកម្មា-ធិការអន្តរជាតិកាកបាទក្រហម ដើម្បីពិភាក្សា និងសម្រេចលើក្តីកង្វល់រួម ដែលសមាជិករួមមាន អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមកម្ពុជា, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម មានគ្នាសរុបប្រមាណ ៤០នាក់។

គោលបំណងសំខាន់នៃកិច្ចប្រជុំប្រចាំឆ្នាំ គឺធ្វើការវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពដែលមានស្រាប់តាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការកសាងភាពជាដៃគូក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដោយធានាថា បណ្តាញកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងភូមិភាគ មានទិសដៅពង្រឹងវប្បធម៌នៃការធ្វើការរួមគ្នា ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការរកដំណោះស្រាយឱ្យកាន់តែប្រសើរឡើងនៃវិបត្តិមនុស្សធម៌ បង្កឡើងដោយការប្រែប្រួលអាកាសធាតុ, សង្គ្រាម, ផលវិបាកជំងឺកូវីដ-១៩និងវិបត្តិសេដ្ឋកិច្ចសកល។'

៤៖ មុនដំណើរការកិច្ចប្រជុំថ្នាក់ដឹកនាំ នឹងមានរៀបចំវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ ដែលលើកទី១ បានប្រព្រឹត្តទៅនៅទីក្រុងបានដាសេរី បេហ្គាវ៉ាន នៃប្រទេសព្រុយណេ។ វេទិកាយុវជនទី២ ប្រារព្ធធ្វើពី ថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា នឹងមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥នាក់។
វេទិកាយុវជននេះ នឹងផ្ដោតសំខាន់លើការកសាងសមត្ថភាពនៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗ ដោយការអនុវត្តវិធីសាស្ត្រ ច្នៃរកដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌។

គណៈប្រតិភូយុវជនទាំងអស់ គ្រោងនឹងដាំដើមឈើចំនួន ២,០០០ដើមលើផ្ទៃដីជាង ២ហិកតា និងនៅកសិណ ជុំវិញព្រះចុល្លាមុនីចេតិយ នាថ្ងៃទី២០ ខែកញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន, ក្រសួងកសិកម្ម និងប្រធានមជ្ឈមណ្ឌល។ ការដាំដើមឈើនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីដំណោះស្រាយដោយផ្អែកលើធម្មជាតិ ក៏ដូចជាលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងការដាំដើមឈើ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។ គណៈប្រតិភូយុវជនទាំងអស់ នឹងបន្តចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ ២ថ្ងៃបន្តទៀត (ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា)។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណា ព្រះមហាក្សតជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចចៅហ្វាវាំង គង់ សំអុល និងលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ព្រមទាំងគណៈប្រតិភូ សូមលើកហត្ថប្រណម្យ បួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងអស់ នៅលើលោក ទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធ នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរគ្រប់ព្រះអង្គ សូមឫទ្ធិតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមីព្រះវិញ្ញាណក្ខន្ធ សម្តេច ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជទានប្រោសព្រំ នូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីសួស្តីថ្វាយ និងសូមជួយបីបាច់ថែរក្សា ព្រះអង្គទាំងទ្វេ បានប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។

ដោយគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសមាជិក-សមាជិកា, មន្ត្រី-បុគ្គលិក, អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សូមប្ដេជ្ញដង្ហែតាមលំអានព្រះរាជវីរៈគំរូដ៏ប្រពៃថ្លៃថ្លានៃ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ ជាអម្ចាស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជារៀងដរាបតទៅ។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណា ព្រះមហាក្សត្រ នូវមូលនិធិចំនួន ៥០ម៉ឺនដុល្លារ និងថ្វាយ ហ្លួងម៉ែ ជាអម្ចាស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនូវមូលនិធិ ៥០ម៉ឺនដុល្លារ ដើមី្បរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃព្រះអង្គទាំងទ្វេ។

បន្ទាប់ពីទ្រង់ព្រះសណ្តាប់របាយការណ៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី រួចមក ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងអំណរគុណចំពោះ គណៈប្រតិភូដែលបានចូលក្រាបថ្វាយបង្គំគាល់ជាទៀងទាត់ជារៀងរាល់ឆ្នាំ និងទូលថ្វាយនូវរបាយការណ៍យ៉ាងក្បោះក្បាយស្តីពីសមិទ្ធផល និងវឌ្ឍនភាពប្រុសកាកបាក្រហមកម្ពុជា។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះសុវណ្ណីកោតសរសើរ ចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ដែលទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាពិសេសថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយរបាយការណ៍ស្តីពីការប្រើប្រាស់ព្រះរាជអំណោយ ឱ្យក្លាយទៅជាព្រះរាជសមិទ្ធផលនានា ដូចជាអណ្តូងទឹកស្អាត កន្លែងលាងសម្អាតដៃ បង្គន់អនាម័យជាដើម សម្រាប់ជូនដល់ប្រជានុរាស្ត្រនៅតាមទីជនបទឆ្ងាយដាច់ស្រយាល។

ទន្ទឹមនឹងនោះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលកោតសរសើរការដឹកនាំ និងការទទួលខុសត្រូវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមក្នុងសកម្មភាពមនុស្សធម៌ ធ្វើឱ្យមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់មានសកម្មភាពដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ។

ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សតីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេច លោកជំទាវ ឯកឧត្តមទាំងអស់ ឱ្យមានជោគជ័យក្នុងការបន្តដឹកនាំបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា ដើម្បីប្រជានុរាស្ត្រនៅទូទាំងកម្ពុជា៕