(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ តំណាងសហជីព កម្មករ-កម្មការនី បានចេញសេចក្តីព្រមានគ្រោងធ្វើបាតុកម្ម រំលាយគណបក្សសង្គ្រោះជាតិ ប្រសិនបើសហភាពអឺរ៉ុបបិទការនាំចូលសម្លៀកបំពាក់ពីកម្ពុជា តាមសំណើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
នៅក្នុងសេចក្តីព្រមានដែលអង្គភាព Fresh News ទើបទទួលបាននៅវេលាថ្ងៃត្រង់នេះ បានបញ្ជាក់ថា «កម្មករ-កម្មការនី តាមបណ្តារោងចក្រនានា ក្នុងប្រទេសកម្ពុជា១០រោងចក្រ មានសមាជិកកម្មករ-កម្មការនីជាង១១ម៉ឺននាក់ នឹងធ្វើបាតុកម្ម រំលាយគណបក្សសង្គ្រោះជាតិ ប្រសិនបើសហភាពអឺរ៉ុប បិទការនាំចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា តាមសំណើររបស់លោក សម រង្ស៊ី»។
សេចក្តីព្រមានបានបញ្ជាក់ទៀតថា សំណើរបស់លោក សម រង្ស៊ី នឹងធ្វើឲ្យកម្មករ-កម្មការិនី ជិត១លាននាក់ បាត់បង់ការងារ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវភាពកម្មករ-កម្មការនី និងគ្រួសារ៕