(ព្រះសីហនុ)៖ លោកបណ្ឌិតអ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់​ និងជាតំណាងសម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះណាល​ និងពាំនាំអំណោយ របស់សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋជាង៣៥០គ្រួសារ ដែលមានជីវភាពខ្វះខាតនៅតំបន់អូរដំរី ក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយអំណោយដែលយកទៅចែកជូនមាន អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ក្រមា១ និងថវិកាចំនួន ២ម៉ឺនរៀលក្នុងមួយគ្រួសារ​ ។

ក្នុងពិធីសំណេះសំណាលនោះ ក៏មានការអញ្ជើញចូលរួមពីលោក​ ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី, លោក​ មួង ឃីម, លោកឧកញ៉ា សោម សុខរ៉ាឌី, លោកឧកញ៉ា អ៊ុត ធី, លោកឧកញ៉ា គី​ រ៉ាន, លោកស្រី ហ៊ឹម សុវណ្ណារី, លោកស្រី​ ហង្ស បូរី​ និងមន្ត្រីរាជការដំណាងខេត្ត ក្រុង សង្កាត់ មេភូមិ កងកម្លាំង រួមទាំងប្រជាការពារផងដែរ។

លោក ហោ សុខជា តំណាងប្រជាពលរដ្ឋ បានថ្លែងរៀបរាប់ពីស្ថានភាពការរស់នៅតំបន់អូរដំរី-ប្រវត្តិទឹកដីនេះ​ នៅមុនឆ្នាំ១៩៩៣ មិនមានប្រជាជនរស់នៅអាស្រ័យផលលើទីតាំងទឹកដីនេះទេ គឺជាមូលដ្ឋាន ទ័ពឈរជើងការពារ យាមកាមត្រៀមប្រយុទ្ធដោយយោធាក្រុង សហការជាមួយយោធាខណ្ឌមិត្តភាព និងប្រជាការពារ (ជីវពល) គណៈកម្មការប្រជាជនសង្កាត់លេខ១ ទប់ស្កាត់សកម្មភាពវាយឆ្មក់ របស់ពួកខ្មែរក្រហម។ ហើយគ្រួសារ កងទ័ពបានរុករានកាប់ឆ្ការដីថ្មី (ដីព្រៃ) ដាំដុះបង្កបង្កើនផលដើម្បីលើកស្ទួយជីវភាពគ្រួសារ និងជីវភាពយោធា ព្រមទាំងប្រជាការពារ (ជីវពល) របស់គណៈកម្មការប្រជាជនសង្កាត់លេខ១ផងដែរ​។

នៅក្នុងអំឡុងឆ្នាំ១៩៩៤ ថ្នាក់ដឹកនាំអតីតក្រុងព្រះសីហនុ មានលោក​ ឃឹម បូរ បានយកចិត្តទុកដាក់បំផុសកងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបង្កើនសេដ្ឋកិច្ចគ្រួសារ ស្របតាមការអភិវឌ្ឍន៍ជាបណ្ដើរៗ របស់ប្រទេសជាតិក្នុងគោលបំណងដៃម្ខាងការពារ ដៃម្ខាងបង្កបង្កើនផល។ ដូច្នេះក្រុមគ្រួសារយោធា និងប្រជាការពារ (ជីវពល) សង្កាត់បានទទួលសិទ្ធិ ដែលអាជ្ញាធរមូលដ្ឋានអនុញ្ញាត បែងចែកដីធ្លីឲ្យគ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផល មានផ្ទៃដីចំនួន ៧២ហិកតា។ ឆ្នាំ១៩៩៧ លោកស្រី ហ៊ឹម សុវណ្ណារី បានទិញដីចូលរួមហ៊ុនជាមួយឈ្មោះ ម៉ី ឌីន្ទណាត្យា ចំនួន ២៤ហិកតា។

ក្នុងអំឡុងឆ្នាំ២០០០ លោកស្រី ហ៊ឹម សុវណ្ណារី បានទិញដីក្រុមគ្រួសារយោធាដែលមានដីជាប់ព្រំចំនួន ២៥ហិកតា ។ រួចបន្តទិញពីអ្នកពាក់ព័ន្ធដីជាប់ព្រំក្នុងឆ្នាំ២០០២ ចំនួន ១៨ហិកតា ស្ថិតនៅខណ្ឌមិត្តភាព ក្រុងព្រះសីហនុ បច្ចុប្បន្នសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

ការគ្រប់គ្រងប្រើប្រាស់អាស្រ័យផល ក្រោយការទិញដីក្នុងអំឡុងឆ្នាំ១៩៩៤, ១៩៩៧, ២០០០, ២០០២ បានទិញដីទីតាំងដែលអតីតយោធាដាក់ឈ្មោះតំបន់ ភ្នំC43 ជាគោលដៅការពារត្រៀមប្រយុទ្ធ ជាមួយពួកឧទ្ទាមខ្មែរក្រហម ក្នុងចំណោមត្រង់ចំណុចដែលលោកស្រី ហ៊ឹម សុវណ្ណរី ទិញពីប្រជាពលរដ្ឋនិយមហៅថា ចំការស្វាយភូមិចាស់ អូរ ពោះដំរី ដំរីដេញ អូរតាឱន ចំការឪឡឹក គឺលោកស្រី មានគោលបំណងកៀរគរ ទាក់ទាញ អ្នកវិនិយោគដើម្បី ចូលរួមធ្វើដំណាំកសិកម្ម និងកសិ-ឧស្សាហកម្មឲ្យមានការអភិវឌ្ឍន៍រកកម្រៃផលចំណេញពីការចំណាយលើការទិញលក់ដីជាបន្តបន្ទាប់ ដោយរង់ចាំយូរ លោកស្រីក៏បានប្រវ៉ាស់ដីអោយគ្រួសារយោធាមួយចំនួនធ្វើស្រែ ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារកងទ័ព។

ហើយកន្លងមក ខុទ្ទកាល័យ សម្តេចតេជោ ក៏បានបញ្ជូន ឯកសារហ្នឹងទៅក្រសួងដែនដី ហើយក៏ មានបទបញ្ជាពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រុមការងារក្រសួងបានចុះមកដល់ទីតាំងដីជាក់ស្ដែង និងអញ្ជើញចូលរួមប្រជុំនៅមន្ទីរដែនដីខេត្តព្រះសីហនុ ដោយមានការចូលរួមពីរដ្ឋបាល ស្រុកស្ទឹងហាវ រដ្ឋបាលក្រុងព្រះសីហនុ និងមន្រ្តី សាលាខេត្ត​ ដើម្បីស្រាវជ្រាវ។ ក្រុមការងារសំរេច ស្នើឲ្យប្រជាពលរដ្ឋ អូរដំរី ដែលបានប្តឹង បង្ហាញ ឯកសារកាន់កាប់ដី ទីតាំងដីឡូត៌រៀងៗខ្លួន រួចហើយក្រុមការងារក្រសួងបានវាស់វែងតាមម្ចាស់ដីរួចរាល់ហើយ។ 

ដោយមានការអនុញាតពីសម្តេចតេជោ ទាំងលោកបណ្ឌិត​ អ្នកឧកញ៉ា​ លី​ សាម៉េត​ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ​ និងលោក​ ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចុះមកពិនិត្យសួរសុខទុក្ខប្រជាពលរដ្ឋដល់ទីតាំងដីជាក់ស្ដែង នៅអូរដំរី ក្រុម ២១ ភូមិ៣ សង្កាត់លេខ១ ប្រជាពលរដ្ឋបានបង្ហាញឯកសារកាន់កាប់ដី សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ និងមានផ្ទះ ដី ដំណាំ របងរឹងមាំ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធបានល្អប្រសើរបង្ហាញជូន​ឃើញជាក់ស្តែង ហើយលោក​ បានផ្តាំផ្ញើរសួរសុខទុក្ខពី សម្តេចតេជោ ជូនចំពោះបងប្អូនទាំងអស់គ្នា ហើយផ្តែផ្តាំឲ្យបងប្អូនបន្តការរស់នៅ កុំឲ្យមានការភ័យខ្លាចតទៅទៀត។

ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីលោកអភិបាលខេត្ត គួច ចំរើន គឺលោកចេញបទបញ្ជា ឲ្យក្រុមការងារជំនាញ និងអភិបាលក្រុង ព្រះសីហនុ, អភិបាលស្រុក​ ស្ទឹងហាវ មន្រ្តី ពាក់ព័ន្ធកំណត់ពិនិត្យព្រំប្រទល់រដ្ឋបាលគ្រប់គ្រង តាមនិយាមការដែលមានផែនទីគោលត្រូវបានឯកភាពពីក្រសួងមហាផ្ទៃ និងអនុក្រឹត្យរួចរាល់អស់ហើយមិនពាក់ព័ន្ធទីតាំងដីរបស់ប្រជាពលរដ្ឋនៅអូរដំរីនោះទេ ហើយមិនត្រូវមានពាក្យឃោសនាបំផុសបំផុលថាស្រុក ស្ទឹងហាវ បច្ចុប្បន្នកាត់ដីតំបន់អូរដំរីមកឲ្យក្រុងព្រះសីហនុនោះទេ ។
ហើយប្រជាពលរដ្ឋក៏បានធ្វើការសំណូមពរគោរពជូនសម្តេចតេជោ​ តាមរយៈអ្នកឧកញ៉ា លី សាម៉េត​ ស្នើសុំសម្តេចតេជោជួយអន្តរាគមន៏ឲ្យមានការស្ថាបនាបណ្តាញទឹក ភ្លើង និងស្នើសុំឲ្យអាជ្ញាធរជួយធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ស្នើសុំឱ្យមានសាលារៀន មន្ទីរពេទ្យ ដើម្បីឲ្យកូនៗរបស់ប្រជាពលរដ្ឋនៅតំបន់នេះបានទទួលការអប់រំ ដូចប្រជាពលរដ្ឋដ៏ទៃទៀត​ ។

ក្នុងពិធីនោះផងដែរលោក អ៊ឹង ជីវ ចៅសង្កាត់រងទី១ នៃសង្កាត់លេខ១ តំណាងលោកចៅសង្កាត់ បានបង្ហាញពីការសប្បាយរីករាយ ចំពោះវត្តមាននៃការអញ្ជើញមកដល់របស់អ្នកឧកញ៉ា លី សាម៉េត ,លោក​ ដួង តារា,រួមទាំងមន្ត្រី​ ថ្នាក់ដឹកនាំជាច្រេីនរូបដែលបានអញ្ជើញមកដល់តំបន់អូរដំរីនាពេលនេះ ហើយលោកក៏មានការសំណូមពរចំពោះមន្ត្រីអាជ្ញាធរ​ មេត្តាជួយជំរុញក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់​និងសូមឲ្យមានបណ្តាញ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យជូនប្រជាពលរដ្ឋ។

នាឱកាសនោះ លោក​ ដួង តារា បានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយលោកពិតជាសប្បាយចិត្តណាស់ពេលដែលតំបន់អូរដំរីមានការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋមានការរីកចំរើន លោកបានរំលឹកថា កាលពីឆ្នាំ២០២០ លោកមកទីនេះហើយឃើញថាប្រជាពលរដ្ឋមានការលំបាក ក្នុងការរស់នៅ និងធ្វើដំណើរ តែពេលនេះប្រជាពលរដ្ឋមានភាពរីកចំរើន។ ការរីកចំរើននេះគឺជាការចង់បានរបស់រាជរដ្ឋាភិបាល ព្រោះវត្ថុបំណងរួមគឺមិនមែនរីកចំរើនតែរាជរដ្ឋាភិបាលនោះទេ គឺចង់ឃើញប្រជាពលរដ្ឋមានភាពរីកចំរើនជាមួយគ្នាដូចពេលនេះ។ ហើយអ្វីដែលត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនាពេលនេះគឺបណ្តាញ ទឹក ភ្លើង និង ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់។ ហើយលោកក៏បានអរគុណចំពោះអភិបាលខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដោយបានចាត់តំណាងឲ្យអញ្ចើញចូលរួម និងបានជួយប្រជាពលរដ្ឋកន្លងមក។

នាឱកាសនោះផងដែរអ្នកឧកញ៉ា​ លី សាម៉េត បានមានមតិសំណេះសំណាល និងបានផ្តាំផ្ញើរការសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាពលរដ្ឋ។ ហើយលោកនឹងពាំនាំសំណូមពររបស់ប្រជាពលរដ្ឋជំរាបជូន សម្តេចតេជោ ព្រោះថាសម្តេចតែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនចង់ឃើញពីទុក្ខលំបាកប្រជាពលរដ្ឋនោះទេ។ ឆ្លៀតក្នុងឱកាសនោះ​ គណៈអធិបតីបានកោតសរសេីរពីវីរភាពក្នុងការដឹកនាំរបស់សម្តេចតេជោ និងគាំទ្រលោក​ ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត។ ជាចុងបញ្ចប់អ្នក​ឧកញ៉ា​ លី សាម៉េត បានបញ្ជាក់ថាសុខទុក្ខរបស់ប្រជាពលរដ្ឋនៅអូរដំរីគឺជាសុខទុក្ខរបស់អ្នកឧកញ៉ា​ ជាពិសេសគឺជាសុខទុក្ខរបស់សម្ដចតេជោតែម្ដង​ ៕