(ប៉េកាំង)៖ ភ្លៀងធ្លាក់យ៉ាងគំហុក បានក្លាយជាភ្លៀងមរណៈនៅខេត្តហេបៃ ភាគខាងជើងប្រទេសចិន នាំឲ្យមនុស្ស សរុប ១៤នាក់ស្លាប់ និង ៧២នាក់ទៀតបាត់ខ្លួន ដោយសារតែទឹកជំនន់និងការបាក់ដីកើតមានជាច្រើនកន្លែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦។
តាមការឲ្យដឹងពីអាជ្ញាធរសង្គ្រោះក្នុងគ្រោះមហន្តរាយធម្មជាតិ នៅភាគខាងជើងប្រទេសចិនបានឲ្យដឹងថា ទាំងទីក្រុង ប៉េកាំង និងបណ្តាខេត្តមួយចំនួនទៀត បានទទួលរងគ្រោះដោយសារការវាយប្រហារនៃប្រព័ន្ធសម្ពាធទាបរយៈពេល ប៉ុន្មានថ្ងៃមកហើយ ជាពិសេសគឺហេបៃបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលជាលទ្ធផលគឺមនុស្ស ១៤នាក់ស្លាប់ និង ៧២នាក់ទៀតកំពុងបាត់ខ្លួន។
គួរបញ្ជាក់ថានៅក្នុងឆ្នាំ ២០១៦នេះ ប្រទេសចិនហាក់ទទួលរងគ្រោះធម្មជាតិច្រើន ដោយគ្រាន់តែដើមរដូវវស្សានេះ ស្ទើរទូទាំងប្រទេសចិន ជាពិសេសភាគខាងត្បូង បានទទួលរងគ្រោះដោយសារព្យុះភ្លៀងខ្លាំងជាងគេ ដែលបានបណ្តាលឲ្យមនុស្ស សរុបជាង២០០នាក់ទៅហើយបាត់បង់ជីវិត ហើយព្យុះភ្លៀងទាំងអស់មានប្រភពមកពីតំបន់មហាសមុទ្រប៉ាស៊ីហ្វិក៕