(ភ្នំពេញ)៖ រដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាសុវត្ថិភាពចំណីអាហារ ដើម្បីជំរុញការផលិត ជាពិសេសផលិតផលកសិកម្ម អនុលោម ទៅតាមស្តង់ដារចំណីអាហារ ដែលរួមចំណែកក្នុងរក្សាសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងជាកត្តាចាំបាច់សម្រាប់ការធ្វើអាជីវកម្ម ដើម្បីប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។

ថ្លែងក្នុងវេទិកានេះ លោកស្រី Maria Theresa S. Medialdia ប្រធាននាយកដ្ឋានអភិវឌ្ឍកសិកម្ម និងពាណិជ្ជកម្ម នៃវិទ្យាស្ថានមេគង្គ មានប្រសាសន៍ថា សុវត្ថិភាពចំណីអាហារ និងស្តង់ដារគុណភាព បានដើរតួនាទីយ៉ាងសំខាន់លើការធានាសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

លោកស្រីបន្តថា ចំណែកស្តង់ដារ មិនត្រឹមតែការពារអ្នកប្រើប្រាស់លើផលិតផលអាហារ ដែលអាចបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវក្របខ័ណ្ឌសម្រាប់អាជីវកម្ម ការប្រកួតប្រជែងជាសកល និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកស្រី លើកឡើងទៀតថា សុវត្ថិភាពចំណីអាហារមានសារៈសំខាន់ណាស់ ក្នុងកិច្ចការពារសុខភាពសាធារណៈ និងបង្ការជំងឺដែលបណ្តាលមកពីអាហារ ក្នុងនោះចំពោះប្រទេសកម្ពុជាក៏បានជួបប្រទះ នឹងបានផ្ទុះឡើងនៃជំងឺដោយសារចំណីអាហារផងដែរ ដូច្នេះការពង្រឹងស្តង់ដារសុវត្ថិភាពចំណីអាហារ និងគុណភាព គឺជាការចាំបាច់ សម្រាប់ការវិភាគលើចំណីអាហារគ្រោះថ្នាក់ និងការត្រួតពិនិត្យពី (HACCP) និង ISO:22000 ដើម្បីផ្តល់នូវវិធីសាស្រ្តជាប្រព័ន្ធក្នុងការកំណត់ និងគ្រប់គ្រងគ្រោះថ្នាក់ជីវសាស្ត្រគីមី និងរូបវន្តក្នុងដំណើរការផលិតអាហារ ពីកសិដ្ឋានរហូតដល់ការហូបចុក។

លោក សុខ ស៊ីឡូ អគ្គលេខាធិកាប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា សុវត្ថិភាពម្ហូបអាហារគឺជាកិច្ចការរបស់យើងទាំងអស់គ្នា ហើយអាហារដែលមានសុវត្ថិភាពគឺមានសារៈសំខាន់ចំពោះសុខភាព និងជីវភាពរស់នៅ ហើយសុខុមាលភាពរបស់មនុស្សគ្រប់រូប។
លោកបន្តថា «ការលើកកម្ពស់សុវត្ថិភាពចំណីអាហារគឺជាកត្តាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀង ការអភិវឌ្ឍមូលធនមនុស្ស និងជាតម្រូវការចាំបាច់ ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០។ ហើយការរីកចម្រើននៃសេដ្ឋកិច្ច សង្គម បានធ្វើឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរនូវរបៀបរបបនៃការរស់នៅ និងការហូបចុក។»

លោកលើកឡើងបន្ថែមថា បើទោះបីជាកម្ពុជាជួបវិបត្តិកូវីដ ១៩, វិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុជាដើម ក៏កម្ពុជានៅតែមានលទ្ធភាពផលិត ជាពិសេសវិស័យម្ហូបអាហារដែលមានគុណភាព សម្រាប់ការផ្គត់ផ្គង់លើទីផ្សារ។ តែទោះជាយ៉ាងណាបញ្ហានេះ គឺត្រូវការចូលរួមបន្ថែមទៀត ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា ឱ្យម្ហូបអាហារនៅកម្ពុជាមានសុវត្ថិភាព និងគុណភាព សម្រាប់បម្រើការហូបចុក និងបម្រើដល់សន្តិសុខស្បៀងក្នុងស្រុក។

លោក ចាន់ សូផា អគ្គនាយកនៃវិទ្យាស្ថានស្តង់ដារកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាមានស្ដង់ដារផលិតផលផ្នែកម្ហូបអាហារ និងម្ហូបអាហារវេចខ្ចប់ជាមុន មានចំនួនជាង ៣០០ស្ដង់ដារហើយ បច្ចុប្បន្នវិទ្យាស្ថាននៅតែបន្តអនុម័តយកស្តង់ដារផ្សេងៗបន្ថែមទៀត ដើម្បីការឆ្លើយតបទៅនិងការប្រើប្រាស់ក្នុងការធ្វើអាជីវកម្ម៕