(ភ្នំពេញ)៖ ត្រឹមតែរយៈពេល៦ថ្ងៃដំបូង នៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ដែលមានរយៈពេល៣០ថ្ងៃ (ពេញមួយខែមិថុនា), មូលនិធិគន្ធប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ រហូតដល់ជាង៨៣ម៉ឺនដុល្លារអាមេរិក ពីសប្បុរសជនជាង១៨ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីទឹកចិត្ត និងស្មារតី «ខ្មែរជួយខ្មែរ» កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមពុកម៉ែបងប្អូនខ្មែរយើងនៅគ្រប់ទិសទី។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកសប្បុរសរបស់ពុកម៉ែបងប្អូន និងសូមអំពាវនាវឲ្យបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ជាតិយើង៕