(ភ្នំពេញ)៖ សហគ្រិនវ័យក្មេងនៅកម្ពុជា បានឆ្លងកាត់វគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ និងការកសាងក្រុម (Leadership and Team Building) កាលពីចុងសប្តាហ៍កន្លងទៅ ដែលជាផ្នែកមួយនៃកម្មវិធី Hub Academy ដែលរៀបចំដោយ Impact Hub Phnom Penh និងឧបត្ថម្ភដោយក្រុមហ៊ុនផ្គត់ផ្គង់ សេវាអ៊ីនធឺណិត លំដាប់ខ្ពស់នៅកម្ពុជា អ៊ីហ្ស៊ីខម។
យុវជនវ័យក្មេងចំនួន២៣រូប ត្រូវបានជ្រើសរើសសម្រាប់ ចូលរួមក្នុងកម្មវិធីសិក្សារយៈពេលពេញមួយឆ្នាំ ដើម្បីមានលទ្ធភាពសិក្សាស្វែងយល់ ពីរបៀបនៃការប្រើប្រាស់សក្តានុពលរបស់ពួកគេ សំដៅធ្វើយ៉ាងណាក្លាយខ្លួនជា អ្នកដឹកនាំសហគមន៍ ឬអ្នកគ្រប់គ្រងអាជីវកម្មនៅពេលអនាគត។
លោក ហង្ស សៀងហេង ដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុន QuanDat ប៉ុន្តែមានគោលបំណងបើកអាជីវកម្ម ផ្ទាល់ខ្លួននៅថ្ងៃណាមួយនោះ បានឲ្យដឹងថា ការចូលរួមក្នុងកម្មវិធី បណ្តុះបណ្តាល នាចុងសប្តាហ៍នេះ បានធ្វើឲ្យលោកមានឱកាសចែករំលែកគំនិតយោបល់ និងកសាងទំនាក់ទំនង ជាមួយអ្នកដែលមានគំនិតអាជីវកម្មដូចគ្នា។ លោកថាបន្ដថា «ក្នុងបរិយាកាសមួយដែលមានមនុស្សផ្តល់គំនិតល្អៗ និងមានឆន្ទៈក្នុងការចែករំលែកបទពិសោធន៍នោះ គឺពិតជាបានជួយឲ្យខ្ញុំ យល់កាន់តែច្បាស់ពីបញ្ហាផ្សេងៗ ដែលខ្ញុំចាំបាច់ត្រូវធ្វើ ដើម្បីឲ្យអាជីវកម្មរបស់ខ្ញុំទទួលបានជោគជ័យ»។
លោកបន្ថែមថា ភាពជាអ្នកដឹកនាំ ជាគន្លឹះដ៏សំខាន់មួយ ដូច្នេះនៅចុងសប្តាហ៍នេះ ខ្ញុំបានរៀនសូត្រច្រើន ពីរបៀបក្លាយខ្លួនជាអ្នកដឹកនាំម្នាក់ ហើយដែលខ្ញុំអាចយកទៅអនុវត្ត បានទាំងនៅក្នុង ការងារបច្ចុប្បន្ន និងនៅពេលដែលខ្ញុំ មានអាជីវកម្មផ្ទាល់ខ្លួន ហើយភាពជាអ្នកដឹកនាំមិនសំដៅលើការធ្វើអ្វីៗគ្រប់យ៉ាងបានដោយខ្លួនឯងនោះទេ ផ្ទុយទៅវិញការកសាងក្រុមដ៏រឹងមាំមួយ ដែលនៅជុំវិញខ្លួនអ្នកក្នុង ការសម្រេចបានចក្ខុវិស័យរួមនោះ ក៏ជាកត្តាសំខាន់ផងដែរ»។
កម្មវិធីនៅចុងសប្តាហ៍នេះ រួមមានការពិភាក្សាជាក្រុម ការសិក្សាពីដំណោះស្រាយផ្សេងៗទាក់ទងនឹង ការបង្កើតអាជីវកម្មដែលជោគជ័យ ដោយសង្កត់ធ្ងន់ទៅលើអាជីវកម្មដែលមានការទទួលខុសត្រូវ ក្នុងសង្គម និងផ្តល់ផលវិជ្ជមានដល់សហគមន៍របស់ខ្លួន។
លោក Yves Schaeffer អគ្គនាយកក្រុមហ៊ុនអ៊ីហ្ស៊ីខមបានថ្លែងថា ដោយសារក្រុមហ៊ុន អ៊ីហ្ស៊ីខម ឈរលើទស្សនៈនៃការធ្វើអាជីវកម្ម ដែលមានការទទួលខុសត្រូវ ចំពោះសង្គមនោះ ទើបធ្វើឲ្យក្រុមហ៊ុនឧបត្ថម្ភក្នុងកម្មវិធីនេះ ។លោក បន្ដថា«យើងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដំបូងគេនៅកម្ពុជា ដែលបង្កើតឲ្យមានកម្មវិធីជួយដល់សង្គម។ ដូច្នេះ យើងពិតជារីករាយណាស់ ដែលឃើញម្ចាស់អាជីវកម្ម ជំនាន់ក្រោយយល់ដឹង និងអនុវត្តគោលការណ៍នេះ ទៅក្នុងអាជីវកម្មរបស់ពួកគេ»។
លោក Yves Schaeffer បន្តទៀតថា«ដើម្បីបង្កើតអាជីវកម្មមួយដែលមាន ការទទួលខុសត្រូវនោះ ចាំបាច់យើងត្រូវធ្វើឲ្យអាជីវកម្មរបស់យើងជោគជ័យជាមុនសិន នៅពេលដែលខ្ញុំក្រឡេក ឃើញយុវជនដែលមាន ទេពកោសល្យក្នុងកម្មវិធីនេះ ខ្ញុំពិតជារីករាយចំពោះអនាគតនៃប្រទេសកម្ពុជា ពីព្រោះពួកគេមិនត្រឹមតែ មានផែនការ អាជីកម្មដ៏គួរឲ្យទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយល់ដឹង អំពីនីតិវិធីនៃការធ្វើអាជីវកម្មថែមទៀត»។
អ្នកសម្របសម្រួលកម្មវិធី Hub Academy អ្នកនាង Laura Smitheman បានឲ្យដឹងថា កម្មវិធីនេះលើសពីកម្មវិធីរៀន នៅក្នុងថ្នាក់ទៅទៀត ដោយសារអ្នកចូលរួមមាន ឱកាសបានជួប និងកសាងមិត្តភាពយូរអង្វែង ជាមួយអ្នកចូលរួមដទៃទៀត ហើយពួកគេក៏មានការជួយជ្រោមជ្រែងពីអ្នកសម្របសម្រួល អ្នកណែនាំ (Mentor) និងសហការី ដើម្បីវាស់ស្ទង់ពី សមត្ថភាពដឹកនាំ ជំនាញនៃការស្រាវជ្រាវ និងទំនាក់ទំនងរបស់ពួកគេថែមទៀត។ពិសេស គោលបំណងនៃកម្មវិធីនេះ គឺយើងធ្វើការជាមួយមនុស្សវ័យក្មេង ដែលចាប់អារម្មណ៍អំពីការធ្វើអាជីវកម្ម ដែលមានការទទួលខុសត្រូវ ចំពោះសង្គម ប៉ុន្តែពួកគេមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណាទៅ។ ដូច្នេះ យើងផ្តល់នូវវិធីសាស្រ្តផ្សេងៗទាក់ទងនឹងបញ្ហានេះ ហើយដែលពួកគេចាំបាច់ត្រូវអនុវត្តតាម ដើម្បីឲ្យពួកគេយល់កាន់ តែច្បាស់ពីឱកាស និងឧបសគ្គនានានៅពេលធ្វើអាជីវកម្ម។ យើងក៏បានបង្ហាញពីរបៀបនៃការច្នៃប្រឌិតថ្មីសម្រាប់សង្គម ដែលពួកគេអាចយកទៅប្រើប្រាស់បាន ដើម្បីបង្កើនការយល់ដឹង របស់ពួកគេផងដែរ»។
អ្នកនាង Smitheman មានប្រសាសន៍បន្ថែមទៀតថា៖ កម្មវិធីបណ្តុះបណ្តាលនេះ បានចេញជាលទ្ធផលហើយ ដោយសមាជិកក្រុម Hub Academy ឈ្មោះ Krumpet.com ត្រូវបានប្រកាស ជាសហគ្រិនសង្គមឆ្នើម ក្នុងចំណោមសហគ្រិនសង្គមទាំង១២០ក្រុម របស់កម្មវិធី watch for in 2016 ដែលជាផ្នែកមួយនៃកម្មវិធី DBS-National University of Singapore Social Venture Challenge ។ សមាជិកក្រុមនេះ បានលើកពីដំណោះស្រាយបញ្ហាតម្លាភាព និងមធ្យោបាយក្នុងការទទួលបានព័ត៌មានផ្នែកវេជ្ជសាស្រ្តនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនអ៊ីហ្ស៊ីខម ត្រូវបានបង្កើតឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បណ្តា សហគ្រាសអាជីវកម្មទាំងឡាយ ព្រមទាំងអ្នកប្រើប្រាស់នៅតាមគេហដ្ឋាន ដែលកំពុងមានតម្រូវការកើនឡើង យ៉ាងឆាប់រហ័សក្នុងទីផ្សារកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងនៅក្នុង ឆ្នាំ២០០៧ អ៊ីហ្ស៊ីខម បានក្លាយខ្លួនជាអ្នកនាំមុខគេមួយ ក្នុងការផ្គត់ផ្គង់សេវាកម្មផ្នែក ទំនាក់ទំនងថ្មីៗយ៉ាងសម្បូរបែប។
ជាងនេះទៅទៀត ផ្តល់នូវសេវាខ្សែកាប្លិ៍អុបទិក ការទំនាក់ទំនងជាសម្លេង តាមអ៊ីនធឺណិត (VoIP) ការតភ្ជាប់ក្នុងស្រុក (VPN) និងដំណោះស្រាយតាមអ៊ីនធឺណិត និងទូរគនាមគមន៍ ដទៃទៀត។ ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានទិញយកក្រុមហ៊ុនខ្សែកាប្លិ៍អុបទិក Telcotech ដែលនឹងនាំមកនូវសេវាអ៊ីនធឺណិត ដែលមានល្បឿនលឿន និងទុកចិត្តបំផុតមកកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយនេះ តាមរយៈការបង្កើតខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)៕