(ភ្នំពេញ)៖ លោក ជុំ ហួត និងលោក ជុំ ហួរ ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញវីដេអូថ្កោលទោសក្រុមប្រឆាំងនៅក្រៅប្រទេស និងសមាជិក សមាជិកាគណបក្សភ្លើងទៀន ដែលបានអំពាវនាវប្រជាពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ ឆ្នាំ២០២៣។

តាមរយៈវីដេអូលោក ជុំ ហួត និងលោកជុំ ហួរ បាន​ចាត់ទុកទង្វើរបស់ក្រុមប្រឆាំងនៅក្រៅស្រុក ព្រមទាំងសមាជិក សមាជិការបស់គណបក្សភ្លើងទៀន មិនឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត គឺជាសារញុះញង់ ដែលធ្វើឱ្យប៉ះពាល់ដំណើរការបោះឆ្នោតដោយសេរី ពហុបក្ស និងយុត្តិធម៌ នៅកម្ពុជា ដែលតែងតែរៀបចំរៀងរាល់ ៥ឆ្នាំម្តងជាដើម។

ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋសុំអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើងតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕