(រតនគិរី)៖ បន្ទាប់ពីឆ្លៀតពេលដ៏មមាញឹកពីការងារនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំកម្លាំងចម្រុះក្រុងបានលុង អាជ្ញាធរសង្កាត់ឡាបានសៀក អាជ្ញាធរសង្កាត់បឹងកន្សែង និងកម្លាំងប្រជាការពារជាច្រើននាក់ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ សម្អាតអនាម័យដើម្បីបង្កើនសោភ័ណភាពឱ្យកាន់តែប្រសើរឡើង។

លោក ញ៉ែម សំអឿន បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះអមសងខាងផ្លូវសូមឱ្យជួយថែរក្សា និងមានការយោគយល់ ហាមដាច់ខាតយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋធ្វើអាជីវកម្ម ដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់ បរិស្ថានក្នុងក្រុងបានលុង។

លោកអភិបាលខេត្ត បានបន្តថា បើកាលណាក្រុងរបស់យើងមានសោភ័ណភាពជាក់ទាញភ្ញៀវជាតិ-អន្តរជាតិ មកកម្សាន្តច្រើមក៏ដូចជាចូលផ្សារទិញទំនិញផ្សេងៗ ដែលជួយជំរុញសេដ្ឋកិច្ចគ្រួសារកើនឡើងមួយកម្រិតទៀត។

ទន្ទឹមនោះដែរ លោកអភិបាលខេត្តបានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងបានលុងត្រូវចូលរួមទាំងអស់គ្នា ត្រូវតែអនុវត្តឱ្យបាននូវយុទ្ធនាការ (មុខផ្ទះគ្មានសំរាម)។ បន្ថែមលើនេះទៀតដើម្បីឱ្យទីក្រុងបានលុងរឹតតែមានសោភ័ណភាពនោះរដ្ឋបាលខេត្តរតនគិរី ក្នុងពេលឆាប់ៗខាងមុខនេះនឹងដាំដើមសាគូរ៉ា, ដើមភួងម្លះ, ដើមផ្កាត្របែកព្រៃ, ដើមចំប៉ី និងដើមក្ងោកជាដើម៕