(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ បានសម្រេចបន្តឃុំខ្លួននិស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យខេមរៈ ដែលបានអំពាវនាវធ្វើបដិវត្តន៍ពណ៌ តាមបណ្ដាញសង្គមហ្វេសប៊ុក។ ឧទ្ធរណ៍បានសម្រេចនូវ សាលដីការបស់ខ្លួនដោយតម្កល់ តាមសាលាក្រមសាលាដំបូងរាជធានីភ្នំពេញ។
អតីតនិស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យខេមរៈរូបនេះ ឈ្មោះគង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីប្រកាសនៅលើ Facebook ថារូបគេនឹងធ្វើបដិវត្តន៍ពណ៌នៅថ្ងៃណាមួយក្នុងពេលខាងមុខ។ ។ យុវជនរូបនេះ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ» ។
កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា បានសម្រេចកាត់ទោសឱ្យ គង់ រ៉ៃយ៉ា ជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ដោយគ្មានពិន័យជាប្រាក់ឬព្យួរទោសឡើយ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕