(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃ គធ.ខប សមាជិក គធ.ខប មួយចំនួន ដែលជាប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ប្រធានផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត និងប្រធានផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស មន្រ្តី គ.ជ.ប តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ សរុបចំនួនប្រមាណ២៨៤នាក់ នៅវិទ្យាស្ថានជាតិអប់រំ (NIE) រាជធានីភ្នំពេញ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នាឱកាសអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានថ្លែងថា វគ្គបណ្តុះបណ្តាលនាពេលនេះត្រូវបានរៀបចំជាពិសេសជូនដល់មន្រ្តី គ.ជ.ប គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គធ.ខប ដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្តល់ការបណ្តុះបណ្តាលបន្តនៅតាមរាជធានី ខេត្តនាពេលខាងមុខ ព្រមទាំងជូនតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន សំដៅជំរុញ និងធានាឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខទទួលបានជោគជ័យ គោរពតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្នុងបរិយាកាសល្អទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត។

ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត លោក ទេព នីថា បានថ្លែងថា គ.ជ.ប បានពិនិត្យ និងកែលម្អការងារបច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅធ្វើឱ្យការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត តាមរយៈការអនុម័ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយបានធ្វើការកែសម្រួលលក្ខខណ្ឌបច្ចេកទេសក្នុងការបំពេញ និងប្រើប្រាស់ទម្រង់កំណត់ហេតុនៃការបោះឆ្នោត (ទ.១១០១) និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ព្រមទាំងបន្ថែមយន្តការត្រួតពិនិត្យ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅគ្រប់ដំណាក់កាលតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីជាជំនួយ និងជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ជាមួយនឹងលទ្ធផលដែលមន្រ្តីបោះឆ្នោតបានធ្វើប្រមាណវិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខ។

លោកបានបញ្ជាក់ថា ការកែលម្អការងារបច្ចេកទេសបោះឆ្នោតនេះ គឺផ្អែកតាមបទពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលនៃអង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ។

លោក ទេព នីថា គូសបញ្ជាក់ទៀតថា បទបញ្ជា និងនីតិវិធីដែល គ.ជ.ប ប្រើប្រាស់ជាមូលដ្ឋានក្នុងការប្រតិបត្តិការងារបច្ចេកទេសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ មិនមែន គ.ជ.ប សម្រេចដោយអត្តនោម័តិដាក់ឱ្យប្រើដោយឯកតោភាគីនោះទេ ពោលគឺមានការចូលរួមផ្តល់មតិយោបល់ អនុសាសន៍ និងមានការជជែកពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដោយបើកចំហរ និងប្រកបដោយតម្លាភាព ជាពិសេសភាគីគណបក្សនយោបាយតែម្តងដែលជាតួអង្គសំខាន់ក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពី «ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ មានរយៈពេល ២ថ្ងៃ គឺចាប់ផ្ដើមនៅព្រឹកថ្ងៃទី៧ ខែមិថុនា និងបិទបញ្ចប់នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដោយនឹងមានការអញ្ជើញជាអធិបតីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវិទ្យាស្ថានជាតិអប់រំ វេលាម៉ោង ៤:៣០នាទី៕