(កំពង់ធំ)៖ លោក សៀង ម៉ាប់ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក ព្រមទាំងសហការី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន១៦គ្រួសារ មានចំនួនពីរឃុំ គឺ ឃុំក្រយា និងឃុំសាមគ្គី នៃស្រុកប្រាសាទបល្ល័ង្ក ក្នុងនោះគ្រួសារ (រលំទាំងស្រុង៣ខ្នង និងរបើកដំបូល៣ខ្នង រលំដើមត្នោត២ខ្នង និងខូចខាតផ្សេងៗ៨ខ្នងផ្ទះ) ដែលរងគ្រោះ កាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២៣ វេលាម៉ោង ៥៖០០នាទីល្ងាច នៅឃុំសាមគ្គី និងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក។

នាឱកាសនោះដែរ លោក សៀង ម៉ាប់ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ បើទោះបីសម្ដេចមិនបានអញ្ជើញចុះមកផ្ទាល់ក្ដី ក៏សម្ដេចបានធ្វើការចាត់ចែង ដល់ក្រុមការងារនៅតាមបណ្ដាខេត្ត ក្នុងការស្វែងរកជនរងគ្រោះ ក៏ដូចជាផ្ដល់ជាអំណោយមនុស្សធម៌ ឬអំណោយសង្រ្គោះបន្ទាន់ភ្លាមៗ ដល់ប្រជាពលរដ្ឋដែលកំពុងជួបនូវការរងគ្រោះ។

លោកអនុប្រធានសាខាស្រុក បានសំដែងនូវការសោកស្ដាយ អាណិតអាសូរជាពន់ពេកចំពោះការខូចខាតផ្ទះសំបែងទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោក សៀង ម៉ាប់ បានបន្ថែមថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពល រដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំជាពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕