(កំពត)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មានកំណើតក្នុងឆ្នាំ១៩៥១ ហើយក្នុងរយៈកាលកន្លងមកនេះ មានការផ្លាស់ប្តូរគោលនយោបាយ និងការធ្វើការកែទម្រង់ជាបន្តបន្ទាប់ ប៉ុន្តែមិនមានការផ្លាស់ប្តូរបុព្វហេតុនោះទេ គឺក្នុងគ្រប់កាលៈទេសៈទាំងអស់ តែងបានខិតខំបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឲ្យបានកាន់តែល្អប្រសើរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា អង្គការចាត់តាំងយុវជនបក្ស ក៏ដូចជាគ្រប់សមាជិក-សមាជិកាបក្សទាំងអស់ គឺជាកម្លាំងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ឲ្យសម្រេចបានតាមផែនការ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

ទន្ទឹមគ្នានេះ លោកបណ្ឌិត បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន, គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារសមិទ្ធផលដែលកំពុងមានបច្ចុប្បន្ន ហើយបន្តខិតខំជំរុញអភិវឌ្ឍបន្ថែមទៀត តាមផែនការដែលបានគ្រោងទុក ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដោយយកកិច្ចការពារសន្តិភាពជាគោល ដើម្បីថែរក្សាឱកាស នៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកបន្ដថា ក្រៅពីការបង្ហាញឲ្យឃើញអំពីការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ តាមរយៈការប្រើប្រាស់សិទ្ធិលើសន្លឹកឆ្នោត, លទ្ធផលជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ គឺជាសក្ខីភាពនៃការគាំទ្រគណបក្សប្រជាជនកម្ពុជា និងការផ្តល់នូវទំនុកចិត្តជូនគណបក្សប្រជាជនកម្ពុជាក្នុងការបន្តបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

បន្ថែមពីនោះទៀត លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានប្រាប់ដល់យុវជនជំនាន់បច្ចុប្បន្ន មានកិច្ចការសំខាន់ ៣ ដែលត្រូវបំពេញគឺ៖

ទី១៖ ត្រូវថែរក្សាឲ្យបាននូវរាល់សមិទ្ធផល ដែលយុវជនជំនាន់រៀមច្បងបានកសាងឡើង
ទី២៖ ត្រូវខិតខំពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត សម្រាប់បន្សល់ទុកដល់យុវជនបន្តវេនជំនាន់ក្រោយ
និងទី៣៖ ត្រូវធ្វើយ៉ាងណាឲ្យយុវជនបច្ចុប្បន្ន និងជំនាន់ក្រោយអាចបន្តស្មារតី វីរភាព និងបេសកកម្មរបស់យុវជនជំនាន់មុន ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍។

មួយវិញទៀត អ្វីដែលសំខាន់ផងដែរនោះ គឺសកម្មជនយុវជនបក្ស ត្រូវប្រព្រឹត្តខ្លួនជាយុវជនគំរូ និងពលរដ្ឋគំរូ តាមរយៈអំពើល្អ និងការប្រកាន់ខ្ជាប់នូវសីលធម៌-គុណធម៌ និងវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវបេះដូងគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោត។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត៕