(ភ្នំពេញ)៖ ឧកញ៉ា ឈាវ មុន្និន បានប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Da Da» ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។
ការប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Da Da» កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ បានបង្ហោះសារដោយចោទប្រកាន់ឧកញ៉ា ឈាវ មុន្និន ជាអ្នករកស៊ីចងការប្រាក់ ហើយបោកលុយរបស់ខ្លួន។
ក្នុងពាក្យបណ្តឹងដាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ ឧកញ៉ា ឈាវ មុន្និន ចាត់ទុកការបង្ហោះខាងលើនេះ គឺជាអំពើបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើងលើរូបលោក។ ជាពិសេសសកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកនៅក្នុងសង្គមយ៉ាងធ្ងន់ធ្ងរជាទីបំផុត។
ឧកញ៉ា ឈាវ មុន្និន បានស្នើព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ស្វែងរកម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ «Da Da» និងឃាង់ខ្លួន ឃុំខ្លួន ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឱ្យកើតជាថ្មីទៀត និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ឧកញ៉ា ឈាវ មុន្និន ក៏បានទាមទារសំណងជំងឺចិត្ត និងសេវាផ្នែកច្បាប់ ជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ។
សូមបញ្ជាក់ថា ឧកញ៉ា ឈាវ មុន្និន គឺជាឧកញ៉ាមួយរូប ដែលស្រឡាញ់កិច្ចការសង្គម ហើយតែងតែចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅក្នុងសង្គមជាច្រើនផងដែរ៕