(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសភាសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ បានច្រានចោលសំណើសុំ នៅក្រៅឃុំរបស់លោក ស៊ាង ចែត អតីតមេឃុំស្រក មកពីគណបក្ស សម រង្ស៊ី ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅពាក់ព័ន្ធបទល្មើសសូកប៉ាន់សាក្សី នៃរឿងក្តីរបស់កញ្ញា ស្រីមុំ អតីតស្រីស្នេហ៍របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ភ្នាក់ងារ Fresh News ប្រចាំសាលាឧទ្ធរណ៍ បានរាយការណ៍ថា ការសម្រេចនេះបានធ្វើឡើង ដែលមានលោក ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសវនាការអសាធារណៈ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតមេឃុំ លោក ស៊ាង ចែត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ក្រោមបទប្រកាន់ «សូកប៉ាន់សាក្សី»។
បទល្មើសដែលចោទប្រកាន់ លោក ស៊ាង ចែត គឺបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ទ មានទោស៥ទៅ១០ឆ្នាំ។ លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលបានសារភាពថា មានស្នេហាលួចលាក់ជាមួយ លោក កឹម សុខា។
លោក ស៊ាង ចែត មេឃុំស្រក ដែលបានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត។ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅ «ស្រីមុំ» បានសរសេរលិខិតជំហរមួយរៀបរាប់អំពីរឿងរ៉ាវរបស់នាងក្រោយបែកធ្លាយ សំឡេងខ្សែអាត់សាសងស្នេហា ជាមួយ លោក កឹម សុខា។ នៅក្នុងលិខិតនោះ ស្រីមុំ បាននិយាយអំពី លោក ស៊ាង ចែត មេឃុំស្រក ដែលជាសមាជិករបស់គណ បក្សសមរង្ស៊ី បានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត៕