(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក Philippe LE HOUEROU ប្រធានក្រុមប្រឹក្សាភិបាលទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (Chairman of AFD’s Board of Directors) និងមានការអញ្ជើញចូលរួមអមដោយលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។ ពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋបារាំង ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍កម្ពុជារហូតរៀងមក។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ដ៏មានសារៈសំខាន់, បារាំង តាមរយៈ AFD បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ឥណទានសម្បទាន ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង ក្នុងការអភិវឌ្ឍនៅកម្ពុជា ដោយផ្តោតលើវិស័យកសិកម្ម សុខាភិបាល វប្បធម៌ បរិស្ថាន មីក្រូហិរញ្ញវត្ថុ ជំនួយបចេ្ចកទេស ទេសចរណ៍ ទឹកស្អាត អប់រំ និងថាមពល (អគ្គិសនីកម្ពុជា)។

លោកប្រធានក្រុមប្រឹក្សាភិបាល បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក អនុញ្ញាតឲ្យក្រុមការងារទទួលជួបពិភាក្សាការងារនៅថ្ងៃនេះ។

លោកបានគូសបញ្ជាក់ថា បារាំងនឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីចូលរួមចំណែកដ៏សំខាន់ ក្នុងការធ្វើប្រតិបត្តិការនៃមហិច្ឆតាអភិវឌ្ឍន៍របស់ប្រធាននាធិបតីបារាំង Emmanuel Macron ដែលបានប្តេជ្ញាសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្រ ពង្រឹងសុខមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែបម្រួលអាកាសធាតុ ហិរញ្ញវត្ថុបៃតង ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យ ដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិន ដោយសម្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈ ការដាក់ឲ្យអនុវត្តនូវច្បាប់ស្ដីពីវិនិយោគ,ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន, និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញល្បឿននៃការស្តារសេដ្ឋកិច្ចជាតិ ឲ្យបានលឿន។

ទន្ទឹមនេះ, កម្ពុជាបានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀត ដូចជា៖ គោលនយោបាយសារពើពន្ធ ដើម្បីជំរុញការប្រើប្រាស់យាន្តជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន, គោលនយោបាយជាតិ ស្ដីពីប្រសិទ្ធិភាពថាមពល, យុទ្ធសាស្ត្រអភិវឌ្ឍសហគ្រាសធនតូច និងមធ្យមឆ្នាំ២០២២-២០២៦ ជាដើម ។

ក្នុងភាពជាដៃគូអភិវឌ្ឍន៍នេះ លោក Philippe LE HOUEROU បានលើកឡើងថា AFD នៅតែរក្សា កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ ដែលស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់បី រួមមាន៖ ១. ការអភិវឌ្ឍដែលបន្សាំ ទៅនឹងបម្រែបម្រួល អាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន, ២. ការចូលរួមបង្កើតការងារ និងកំណើនសេដ្ឋកិច្ច, និង៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋាភិបាលបារាំង ដែលបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី រហូតទទួលបានការរីកចំរើន ជាលំដាប់ ពិសេសការផ្តល់ជំនួយបច្ចេកទេស (French Expertise) ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥, និងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង ដោយបានជួយរៀបចំច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ដើម្បីធានា ឲ្យបាននូវការអនុវត្តជាមូលដ្ឋាន នូវថវិកាសមិទ្ធកម្មយ៉ាងយូរ ត្រឹមឆ្នាំ២០២៦ និងបានជួយរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ សម្រាប់អនុវត្តខ្លឹមសារគោលការណ៍នានា ដូចបានកំណត់ក្នុងច្បាប់នេះ និងការរៀបចំផែនការយន្តការ និងឧបករណ៍ បច្ចេកទេសចាំបាច់សម្រាប់គាំទ្រដល់ការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន ក៏ដូចជាសមត្ថភាពមន្រ្តីជំនាញ ពិសេសលើផ្នែក Green PFM និង Green Bond ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឲ្យឆ្លើយតបនឹងឧត្តមានុវត្តន៏អន្តរជាតិ៕