(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៧​ ខែមិថុនា ឆ្នាំ២០២៣នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ទាំងអស់គ្នា ដើម្បីជ្រើសយកការរក្សាបានសន្តិភាព និងការអភិវឌ្ឍន៍។

​ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- បាវិត នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ជាមួយវត្តមានលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា​។

ជាមួយនឹងការអំពាវពាវនេះ សម្តេចតេជោ ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០២២ និងសង្ឃឹមថាប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីបានដឹកនាំរដ្ឋាភិបាល ​ដែលរក្សាបានសន្តិភាព និងការអភិវឌ្ឍន៍។

សម្តេចតេជោមានប្រសាសន៍បន្តថា៖ «ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង នឹងអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ខ្ញុំក៏សូមយកឱកាសនេះអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០២២កន្លងផុតទៅ ហើយសង្ឃឹមយ៉ាងមាំថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ លេខ១៨ សញ្ញាទេវតា បាចផ្កា ហៅថាគណបក្សប្រជាជន ស្ថិតនៅក្នុងជម្រើសរបស់ប្រជាពលរដ្ឋ។​នេះមិនមែនជាការឃោសនាបោះឆ្នោតទេ តែនេះជារឿងដែលជៀសមិនផុត ព្រោះគណបក្សផ្សេងទៀតក៏និយាយដែរ ព្រោះដំណើរការចាប់លេខរៀងបានធ្វើរួចហើយ​»។

ខណៈពេលដំណើរការបោះឆ្នោតនឹងខិតជិតចូលមកដល់នៅខែក្រោយនេះ សម្តេចបានអំពាវនាវឱ្យមានការរក្សាភាពស្ងប់ស្ងាត់ ​អព្យាក្រិត្យភាព គ្មានអំពើហិង្សា និងគោរពសិទ្ធិជ្រើសរើសរបស់​ប្រជាជន។

សម្តេចតេជោបន្តថា៖ «ពីនេះទៅដល់ការបោះឆ្នោតនៅមិនយូរទេ សូមទាំងអស់គ្នារក្សាភាពស្ងប់ស្ងាត់ រក្សាបរិយាកាសនយោបាយអព្យាក្រិត្យសម្រាប់ការបោះឆ្នោត សន្តិសុខសណ្តាប់ធ្នាប់សង្គមត្រូវបានធានា ដំណើការបោះឆ្នោតត្រូវតែប្រព្រឹត្តិទៅដោយភាពស្ងប់ស្ងាត់ គ្មានហិង្សា ដោយប្រជាធិបតេយ្យ និងគោរពសិទ្ធិជ្រើសរើសរបស់​ប្រជាជន ឯរឿងវិធានការនានាដែលគណៈកម្មាការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់វិធានការណ៍ចំពោះអ្នកបន្ទុចបង្អាក់នៃការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។»

សូមជម្រាបផងដែរថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ បានចេញមកអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយដែលផ្ទុយនឹងច្បាប់ ក្នុងចេតនារារាំងដល់ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ការចេញមកអំពាវនាវរបស់ គ.ជ.ប ធ្វើឡើងបន្ទាប់ពីឃើញការចែកចាយនូវសារជារូបភាព និងវីដេអូរបស់បុគ្គលមួយចំនួនតាមបណ្ដាញសង្គម ដោយពួកគេបានឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឲ្យទៅបោះឆ្នោត ព្រោះតែគ្មានគណបក្សភ្លើងទៀនក្នុងបញ្ជីបោះឆ្នោត​៕