(កណ្ដាល)៖ ថ្លែងចេញពីពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន មិនបានរារាំងដល់កិច្ចការអភិវឌ្ឍរបស់ប្រទេសណាមួយនោះឡើយ ផ្ទុយទៅវិញ វាបានផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេសដែលមានការពាក់ព័ន្ធ។

នៅចំពោះមុខឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនធាន, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន ដែលមានប្រទេសរហូតដល់១៥៣ប្រទេសចូលរួមនោះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណង និងកម្ចីសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការវិនិយោគគម្រោងធំៗជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាមិនមានការស្ទាក់ស្ទើរជាមួយការគាំទ្រ ហើយគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ទាក់ទិនជាមួយការអភិវឌ្ឍដោយមិនទុកប្រទេសណាមួយជាសត្រូវទេ ហើយក៏មិនរារាំងប្រទេសណាមួយអភិវឌ្ឍន៍នោះដែរ ប៉ុន្ដែផ្ទុយទៅវិញបានផ្ដល់នូវផលប្រយោជន៍សម្រាប់យើង។ ខ្ញុំនៅចាំច្បាស់ណាស់ ការប្រជុំលើកទី១ នៅឆ្នាំ២០១៣ ដែលប្រធានាធិបតី ស៉ី ជីនពីង បានប្រកាសក្នុងអង្គប្រជុំ មានទំហំ៣០ពាន់លានដុល្លារ ដែលជាការចាប់ផ្ដើមគម្រោងខ្សែក្រវាត់ និងផ្លូវ»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កំពុងក្លាយទៅជាតំបន់សេដ្ឋកិច្ចដែលធំជាងគេ និងប្រមូលផ្ដុំអ្នកវិនិយោគដ៏ធំ ដែលសុទ្ធតែស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ ក្នុងបណ្ដាប្រទេសអាស៊ានជាច្រើន រួមទាំងកម្ពុជាដែរនោះ បានទទួលផលពីគម្រោងវិនិយោគនេះ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ព្រលានយន្ដហោះអន្ដរជាតិដ៏ធំនៅខេត្តសៀមរាប, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត សុទ្ធតែជាការវិនិយោគរបស់ចិនទាំងស្រុង ដោយមិនប្រើប្រាស់នូវថវិកាកម្ចីនោះឡើយ ដែលនេះជាវិធីសាស្ដ្ររបស់កម្ពុជាអំពីភាពជាដៃគូរវាងរដ្ឋ និងឯកជនផង និងស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ដែលទាញយកផលពីក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងដែរថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលស្របពេលកម្ពុជាកំពុងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គឺជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ទើបតែត្រូវបានបើកឲ្យប្រើប្រាស់​ជាផ្លូវការក្នុងរយៈពេលប្រមាណជាងកន្លះឆ្នាំមកនេះ។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានអះអាងដែរថា សម្រាប់កម្ពុជា មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ក្នុងនោះ រួមមានទាំង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងបំផុតនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា មិត្តចិនបាននិងកំពុងជួយកសាងផ្លូវ៣៧ខ្សែ ចម្ងាយ៣,៦៣៦គីឡូម៉ែត្រ ក្នុងនោះ ៣០ខ្សែបានធ្វើរួចរាល់ ខណៈដែល៣ខ្សែទៀតកំពុងសាងសង់ និង៤ខ្សែទៀត ត្រៀមបើកការដ្ឋានសាងសង់ នាពេលខាងមុខ។

ក្រៅពីនេះ ចិនបាននិងកំពុងជួយសាងស្ពាន ចំនួន១២នៅកម្ពុជា ហើយក៏ត្រៀមសហការបន្តលើកម្ពស់ ផ្លូវជាតិសំខាន់ៗមួយចំនួនទៀត គម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ ព្រមទាំង ផ្លូវរថភ្លើងល្បឿនលឿនផងដែរ។ លោក ស៊ុន ចាន់ថុល បានបង្ហាញនូវការសូមកោតសរសើរ គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវរបស់ប្រធានរដ្ឋចិន ដែលបាននិងកំពុង ការចែករំលែកទាំងបទពិសោធន៍ និងធនធានដល់ប្រទេសទាំងអស់ ដើម្បីយកមកអនុវត្តលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យការដឹកជញ្ជូនលើពិភពលោកលឿនជាងមុន និងថោកជាងមុន៕