(តាកែវ)៖ ក្រុមកម្មករ-កម្មការិនីនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ «ហ្កាបូថេក ត្រេឌីងខមភេនី» ដែលមានទីតាំងនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវជាង៣០នាក់ នៅវេលាថ្ងៃត្រង់ទី២១ ខែកក្ដដា ឆ្នាំ២០១៦នេះ បានដួលសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុ។
លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា មូលហេតុដែលកម្មករដួលសន្លប់ជាបន្តបន្ទាប់ គឺបណ្ដាលមកពីរោងចក្របិទបង្អូច និងទ្វារដែលនាំឲ្យខ្វះឧកស៊ីស៊ែន សម្រាប់កម្មករដកដង្ហើម បន្ទាប់មកក៏មានកម្មករម្នាក់សន្លប់ ពេលឃើញកម្មករម្នាក់នោះសន្លប់ ក៏មានកម្មករដទៃទៀតបានចាប់ផ្ដើមដួលសន្លប់ជាបន្តបន្ទាប់តាមដែរ។ លោកបន្តទៀតថា ប៉ុន្តែកម្មករទាំងអស់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តតាកែវ ដើម្បីព្យាបាលបានទាន់ពេលវេលា មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
បើតាមលោកអធិការនគបាលក្រុងដូនកែវ បច្ចុប្បន្នកម្មករទាំងអស់កំពុងតែ សំរាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តតាកែវ ហើយខាងមន្រ្តីមន្ទីរការងារខេត្តក៏ បានចុះមកពិនិត្យមើលកន្លែង រោងចក្រខាងលើ ដើម្បីវាយតម្លៃពីមូលហេតុ ដែលបណ្ដាលឲ្យកម្មករដួលសន្លប់នេះ៕