(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងជិត៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលចំណាយថវិកាសាងសង់ជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក។

ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ សម្រាប់សម្រួលដល់ការធ្វើចរាចរណ៍ និងការធ្វើពាណិជ្ជកម្មដឹកជញ្ជូនទំនិញ ដែលផ្តល់នូវផលចំណេញដល់សេដ្ឋកិច្ចជាតិ។

ប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនខ្សែទី២ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនមានការស្ទាក់ស្ទើរជាមួយការគាំទ្រលើការអភិវឌ្ឍនោះទេ។ ដូច្នេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនបានរារាំងដល់កិច្ចអភិវឌ្ឍន៍របស់ប្រទេសណាមួយនោះឡើយ។

ដើម្បីធ្វើណាឱ្យប្រជាពលរដ្ឋឆាប់ទទួលបានផ្លូវសម្រាប់ធ្វើដំណើរនោះ, សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសសម្រេចចិត្តលើកពេលការថ្លែងសន្ទរកថា ក្នុងវេទិកាស្តីពី «សកម្មភាពសកល សម្រាប់ការអភិវឌ្ឍ» ​ដែលនឹងប្រព្រឹត្តធ្វើនៅវេលាម៉ោង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «បើសិនមានតម្រូវការ ខ្ញុំអាចលើកពេលអាសន្ទរកថាទៅថ្ងៃផ្សេង ហើយយកថ្ងៃទី៣០ ខែមិថុនា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវហ្នឹង (ផ្លូវក្រវាត់ក្រុងទី៣)»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាប់ទៅលោក វ៉ាង វិនធាន ថាការធ្វើឯកអគ្គរដ្ឋទូតចិន នៅប្រទេសកម្ពុជា គ្មានពេលទំនេរនោះទេ គឺនឹងមានការកម្មវិធីសម្រាប់ការអភិវឌ្ឍន៍ជាប់ជានិច្ច។ ដូច្នេះ ក្នុងនាមលោកជាឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ចិន មិនខកចិត្តនោះទេ ដោយសារតែរបៀបធ្វើការរបស់រដ្ឋាភិបាល តែងតែធ្វើការពិគ្រោះគ្នាជាមួយបណ្តាប្រទេសជាចិត្តមិត្ត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិន តែងតែគោរពការសម្រេចចិត្តរបស់កម្ពុជា លើការសាងសង់សមិទ្ធផលដែលប្រើកម្ចីចិន ត្រង់នេះហើយដែលប្រទេសទាំងពីរ បានបន្តធ្វើកិច្ចការងារជាមួយគ្នាដោយរលូន។ ចិន មិនដែលបង្គាប់បញ្ជាឱ្យកម្ពុជាធ្វើតាមខ្លួននោះឡើយ។

សូមជម្រាបថា ផ្លូវក្រវាត់ក្រុងទី៣នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា៕