(តាកែវ)៖ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមគ្នាអប់រំ បង្ការ និងដោះស្រាយគ្រឿងញៀនកាន់តែខ្លាំងឡើងដើម្បីឲ្យសង្គមជាតិកម្ពុជាទាំងមូល ចៀសផុតពីបញ្ហាគ្រោះថ្នាក់មួយនេះ។ ដោយឡែកលោក ឡាយ វណ្ណៈ អភិបាលប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា «ខេត្តតាកែវមិនមែនជាខេត្តផលិត ដាំដុះគ្រឿងញៀនទេ តែមានការលួចប្រើប្រាស់ ជួញដូរដែលសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ធ្វើការអប់រំ ស្តារនីតិសម្បទាចំពោះអ្នកប្រើប្រាស់ និងបង្រ្កាបជនល្មើសជូញដូរគ្រឿងញៀន»។
ថ្នាក់ដឹកនាំនៅខេត្តតាកែវ បានធ្វើការអំពាវនាវ ដល់អ្នកពាក់ព័ន្ធក្រុមហ៊ុន សហគ្រាសរោងចក្រ និងវិស័យឯកជន ត្រូវចូលរួមទាំងអស់គ្នាដើម្បីបង្ការ បង្រ្កាប និងដោះស្រាយបញ្ហាគ្រឿងញៀន។ ការលើកឡើងរបស់ថ្នាក់ដឹកនាំទាំងនេះ គឺស្ថិតនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ ។ កម្មវិធីខាងលើមានការចូលរួមពី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ ក្រោមអធិបតីភាព លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង តំណាងអយ្យការ ប្រធានសាលាដំបូងមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត ក្រុង និស្សិត សិស្សានុសិស្សកាយរិទ្ធ កាកបាទក្រហម កងកំលាំងប្រដាប់អាវុធ សរុប២៣៣៣នាក់។ ក្នុងឱកាសនោះដែរលោក កៅ ខុនដារ៉ា បានថ្លែងកោតសសើរដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងអ្នកពាក់ព័ន្ធដែលបានរួមគ្នាអប់រំ បង្ការ និងដោះស្រាយគ្រឿងញៀន ហើយលោក បានណែនាំក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ ដូចខាងក្រោម៖
ទី១- សូមយកចិត្តទុកដាក់ពង្រឹងការអនុវត្តបទបញ្ជាលេខ១ របស់រាជរដ្ឋាភិបាល ។
ទី២- ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប សិល្បករ សិល្បការនី ពិធីករ-ពិធីការនី រោងចក្រ សហគ្រាស ក្រុមហ៊ុន ម្ចាស់គ្រឹះស្ថានអប់រំ ម្ចាស់ផ្ទះសំណាក់ ម្ចាស់សេវាកំសាន្ត ...ចូលរួមពង្រឹងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឱ្យបានទូលំទូលាយបន្ថែមទៀត ។
ទី៣- លោកអភិបាលខេត្ត ដែលជាសមាជិកគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកគ្រឿងញៀនត្រូវខិតខំប្រឹងប្រែងជំរុញពង្រឹងយន្តការនែការផ្តល់សេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា។
ទី៤- ត្រូវធ្វើការពង្រឹងសមត្ថភាពការិយាល័យទំនាក់ទំនងព្រំដែន(BLO) ដោយត្រូវពង្រឹងការត្រួតពិនិត្យគ្រឿងញៀនអោយខ្លាំងក្លានៅតាមច្រកព្រំដែនទឹក គោក និងកញ្ចប់ប្រៃសណីយ៍ដើម្បីបង្ការ បង្រ្កាប បញ្ឈប់ការប្រើប្រាស់ ការនាំចេញ ចូល ជូញដូរគ្រឿងញៀនគ្រប់ប្រភេទ។
ទី៥- សំណូមពរដល់និយោជក ម្ចាស់សហគ្រាសរោងចក្រ ត្រូវចូលរួមណែនាំផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់កុំឲ្យកម្មករ-កម្មការិនី បុគ្គលិកកុំឲ្យពាក់ពន្ធ័នឹងគ្រឿងញៀន ដោយបង្កើតឲ្យមានក្រុមបង្គោល ដើម្បីឲ្យយល់ថា គ្រឿងញៀនមិនមែនជាថ្នាំលើកកម្លាំង ឬជាឱសថកាត់បន្ថយប្ញបំបាត់ភាពស្មុគស្មាញ ឬបង្កើនកម្លាំងឡើយ។
ទី៦- ចំពោះមាតាបិតា ត្រូវពង្រឹងការទទួលខុសត្រូវបន្ថែមទៀតក្នុងការអប់រំថែទាំនិងត្រួតពិនិត្យជាប្រចាំដើម្បីឲ្យកូនចៀសឆ្ងាយពីគ្រឿងញៀន ពិសេសត្រូវសហការឲ្យបានល្អជាមួយសាលារៀន ឬកន្លែងធ្វើការដើម្បីធានាថាកូនចៅពិតជាទៅសាលា ឬទៅកន្លែងធ្វើការដោយមិនទៅប្រព្រឹត្តអំពើផ្សេងៗដែលពាក់ពន្ធ័នឹងគ្រឿងញៀន។
ទី៧- ចំពោះអ្នកប៉ះពាល់គ្រឿងញៀនរួចហើយ ត្រូវភ្ញាក់ខ្លួនហើយស្វែងរកសេវាគាំទ្រផ្សេងៗ ពិសេសសេវាព្យាបាល និងស្តារនីតិសម្បទាតាមគ្រប់លទ្ធភាព គ្រប់យន្តការ គ្រប់ទីកន្លែង និងត្រូវចាំថាគ្មាននរណាអាចដោះស្រាយបញ្ហាគ្រឿងញៀន ប្រសើរជាងការតាំងចិត្ត និងបោះបង់ដោយខ្លួនឯងផ្ទាល់នោះឡើយ។ នៅក្នុងឱកាសនោះ លោក កៅ ខុនដារ៉ា បាននាំយកថវិកាឧបត្ថម្ភមួយចំនួន ជូនដល់កម្មវិធី យុវជនកាយរិទ្ធ កាកបាទក្រហម ស.ស.យ.ក ខេត្ត នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ តំណាងសិស្ស និងសហគមន៍ផងដែរ។
ក្នុងឱកាសនោះ ក៏មានការដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបាន ពីជនល្មើសមាន មេតំហ្វាតាមីន ហៅម៉ាទឹកកកមួយចំនួនជាដើម៕