(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យមន្រ្តីទូតជប៉ុនបំភ្លឺ និងកែតម្រូវការផ្សាយខុសការពិតអំពីជំនួបរវាងសម្តេច និង នាយករដ្ឋមន្រ្តីជប៉ុន។ សម្តេចតេជោបញ្ជាក់ថា កាលពីពេលថ្មីៗនេះសារព័ត៌មានក្នុងស្រុកមួយបានផ្សាយថា ក្នុងជំនួបរវាងសម្តេចតេជោ ជាមួយ លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន គឺមេដឹកនាំជប៉ុន បានស្តីបន្ទោសសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោអះអាង សុំមិនបកស្រាយ និងស្នើឲ្យមន្រ្តីទូតជប៉ុនត្រូវបំភ្លឺ និង កែតម្រូវកុំឲ្យសារព័ត៌មានផ្សាយខុសបន្តទៀត។ (សូមស្តាប់សម្លេងខាងក្រោម)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងបែបនេះ ខណៈសម្តេចតេជោ ចូលរួមជាអធិបតីភាព នៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង-ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «មានសារព័ត៌មាន១ នៅកម្ពុជា ដែលចេញជាភាសាខ្មែរផង ភាសាអង់គ្លេសផង បានផ្សាយថា មេជប៉ុនបានស្តីបន្ទោសឲ្យហ៊ុន សែន នៅពេលមានជំនួបជាមួយគ្នា។ សុំទោសអារឿងស្តីបន្ទោសហ្នឹងអត់មានទេ សូម្បីតែលោកប្រធានាធិបតី ប៉ាក់រ៉ា អូប៉ាម៉ា មកស្រុកខ្មែរមិនមែនមកស្តីបន្ទោសឲ្យនាយករដ្ឋមន្រ្តីស្រុកខ្មែរទេ វាទៅជាផ្តាសចឹងទៅ ខ្ញុំមិនមាត់មិនកអីទេសុំទុកឲ្យជប៉ុនជាអ្នកឆ្លើយតប ខ្ញុំម្តងនេះអត់ឆ្លើយ តបទេ តែដូចជា ផៃ ស៊ីផានឆ្លើយតប តែខ្ញុំមិនឆ្លើយ ទុកឲ្យអាបេជាអ្នកឆ្លើយ ខ្ញុំទុកឲ្យមន្រ្តីជប៉ុនឆ្លើយតបថា អត្ថបទហ្នឹងត្រឹមត្រូវ ឬមិនត្រឹមត្រូវ ខ្ញុំចង់មើលដែរ ពីសិទ្ធិបញ្ចេញមតិ ត្រូវបានគោរពតែសរសេរខុស មានតែកែតម្រូវ ចឹងឲ្យភាគីជប៉ុនកែតម្រូវចុះ ពីព្រោះខ្ញុំធុញទ្រាន់ណាស់ និងការដែលគេមូលបង្កាច់នេះ ចឹងសូមប្រគល់ភារកិច្ចទៅភាគីជប៉ុន»។
សម្តេចតេជោ ហ៊ុន សែនបន្តថា ការចុះផ្សាយខុសបែបនេះធ្វើឲ្យប៉ះពាល់ដល់នាយករដ្ឋមន្រ្តីជប៉ុន និងមន្រ្តីជប៉ុន ខណៈដែលប្រទេសមួយនេះ បានបំពេញការងារល្អ និយាយល្អកន្លងមកនេះ ហើយតើមានមូលហេតុអ្វីដែលជប៉ុន ត្រូវនិយាយដូចសារព័ត៌មានបានចុះផ្សាយ។
គួរបញ្ជាក់ថា សារព័ត៌មានក្នុងស្រុក ដែលមានភាសាខ្មែរ និងអង់គ្លេស គឺកាសែត Cambodia Daily បានផ្សាយថា លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានស្តីបន្ទោស ឱ្យនាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងជំនួបទ្វេភាគីក្រៅកិច្ចប្រជុំអាស៊ី-អឺរ៉ុប កាលពីសប្តាហ៍មុន៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖