(ភ្នំពេញ)៖ សហជីពធំៗ ចំនួន៣ផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ដែលតំណាងឲ្យក្រុមកម្មករ-កម្មការិនី តាមបណ្តាលរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរាប់ម៉ឺននាក់ បានចេញមកថ្កោលទោស លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានអំពាវនាវដល់សហគមន៍អឺរ៉ុប បញ្ឈប់ការនាំចេញផលិតសម្លៀកបំពាក់ចេញពីប្រទេសកម្ពុជា។
សហជីពធំៗទាំង៣ ដែលបានចេញមក ថ្កោលទោសលោក សម រង្ស៊ី ខាងលើនេះ រួមមាន ទី១-សហព័ន្ធសហជីពស្មារតីកម្មករកម្ពុជា ដែលមានលោក លី ចាន់សុភក្តី ជាប្រធាន ទី២-សហសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលមានលោក ឈុំ វាសនា ជាប្រធាន និងទី៣-ក្រុមប្រឹក្សាយុវជនដើម្បីយុត្តិធម៌សង្គម ដែលមានលោក លី ចាន់សុភក្តីជាប្រធានក្រុមប្រឹក្សា។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមសហជីពធំៗទាំង៣ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ សុទ្ធតែលើកឡើងថា ទង្វើរបស់លោក សម រង្ស៊ី ខាងលើនេះគឺពិតជារឿងដ៏គ្រោះថ្នាក់បំផុត សម្រាប់ជីវភាពបងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសាររបស់ពួកគេរាប់លាននាក់ នៅក្នុងប្រទេសកម្ពុជា។
ក្រុមសហជីពទាំងនេះ បានចាត់ទុកថា លោក សម រង្ស៊ី កំពុងតែបំផ្លាញឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងពឹងផ្អែកលើវិស័យឧស្សាហកម្មមួយនេះ។
លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេល បើកទីផ្សារវិញមិនចេះតែបើកទេ គឺត្រូវមានភ្ជាប់ នូវលក្ខខណ្ឌ ផ្សេងៗ។ លោកបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើម ពិចារណាឡើងវិញ នេះបើយោងតាមការ ចេញផ្សាយរបស់វិទ្យុបារាំង RFI៕
ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ របស់ក្រុមសហជីពទាំង៣ធំៗ៖