(ស្ទឹងត្រែង)៖ ផ្លូវបេតុងអាមេ១ខ្សែ ស្ថិតនៅភូមិ ហាងខូសួសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ទើបសាងសង់រួចនាពេលថ្មីៗនេះ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង, លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់សាមគ្គី និងប្រជាពលរដ្ឋប្រមាណ៨០០នាក់។

លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គី បានថ្លែងថា ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាសង្កាត់ បានឯកភាពប្រើប្រាស់ថវិកាវិភាជរបស់រដ្ឋាភិបាលមកសង្កាត់ សម្រាប់មូលនិធិអភិវឌ្ឍឆ្នាំ២០២៣ សម្រេចសាងសង់ផ្លូវបេតុងអាមេក្នុងភូមិហាងខូសួននេះ ដោយបានសហការជាមួយមន្ត្រីគាំទ្របច្ចេកទេសនៃទីចាត់ការផែនការ និងវិនិយោគខេត្ត ការិយាល័យផែនការ និងគាំទ្រសង្កាត់ក្រុង និងគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ចុះសិក្សាលទ្ធភាពគម្រោង ក្រោយពីការចុះសិក្សាបានពិនិត្យឃើញថាគម្រោងផ្លូវដែលត្រូវសាងសងគឺមានប្រវែងសរុប ៩៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ ដោយថវិកាវិភាជន៍អភិវឌ្ឍមិនទាន់មានគ្រប់គ្រាន់ ទើបក្រុមប្រឹក្សាសង្កាត់បានសម្រេចអនុវត្ត១ជំហាន ដោយពង្រីកសិន គឺសាងសង់ផ្លូវបេតុងអាមេប្រវែង៦០៨ម៉ែត្រ ទទឹង ៦ម៉ែត្រ ជួសជុលផ្លូវក្រួសក្រហម ផ្លូវ ២ម៉ែត្រ បាតក្រោម ៣ម៉ែត្រប្រវែង៥០០ម៉ែត្រ និងតលូមូល ភ្លោះមុខកាត់១ម៉ែត្រ ប្រវែង៣ម៉ែត្រ ចំនួន ០១កន្លែង ប្រើប្រាស់ថវិកាសរុប ៣២៨,២៣០,០០០រៀលគត់។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានលើកឡើងថា នៅក្រុងស្ទឹងត្រែង បានកំពុងស្ថាបនាផ្លូវចាក់បេតុង ស្ទើគ្រប់ទីកន្លែង ដើម្បីបង្កភាពងាយស្រួលសំរាប់ប្រជាពលរដ្ឋធ្វើដំណើរ ហើយផ្លូវបេតុងមានផ្លូវសាងសង់ដោយថ្នាក់ខេត្ត និងមួយទៀតទៀតមានការសាងសង់ប្រើប្រាស់ថវិកាឃុំ សង្កាត់ ដែលជាមោទនភាពចំពោះសមិទ្ធិផលនានា ដែលសង្កាត់ស្ទឹងត្រែងសម្រចបាន ហើយបានអនុវត្តចំទិសដៅក្នុងការប្រើប្រាស់ថវិកាដែលរាជរដ្ឋាភិបាលទម្លាក់ជូនមកឃុំ-សង្កាត់ ដើម្បីអភិវឌ្ឍជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងបានយ៉ាងល្អប្រសើរ។

នាឱកាសនោះដែរ លោក ឡួយ សុផាត បានពាំនាំបណ្តាំសាកសួរសុខទុក្ខពីសម្តេច ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងមានការនឹករឭកពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរបស់លោកគ្រប់ទីកន្លែងទាំងទីក្រុង និងជនបទដូចៗគ្នា ដែលធ្លាប់កម្សត់កម្រ ជួបការលំបាកវេទនាយ៉ាងធ្ងន់ធ្ងរជាមួយគ្នាក្នុងពេលកន្លងមក។

លោក ឡូយ សុផាត បានបន្តថា ផ្លូវបេតុង១ខ្សែនេះពិតជាបានផ្តល់នូវសារៈប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋដែលរស់នៅភូមិ ហាងខូសួនក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំងមូលដូចជា៖ សិស្សានុសិស្សងាយស្រួលធ្វើដំណើរទៅរៀនសូត្រ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការរអិលដួលដោយយថាហេតុ ប្រជាពលរដ្ឋធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ និងការដឹកផលិតផលកសិកម្មនានាទៅលក់នៅទីផ្សារ។ល។

អ្នកតំណាងរាស្រ្តរូបនេះ បានគូសបញ្ជាក់បន្ថែមអំពីគុណបំណាច់ដ៏ធំធេងនៃសុខសន្តិភាព ដែលរកបានដោយលំបាកលំបិន។ លោកបន្តថា មានសន្តិភាពមានការអភិវឌ្ឍ ប្រទេសជាតិនីមួយៗត្រូវការចាំបាច់បំផុត គឺសុខសន្តិភាពទើបមានឱកាសនៅក្នុងការកសាងនូវសមិទ្ធផលនានាជាច្រើន។
  
លោក ឡូយ សុផាត ក៏បានបន្តថា សមិទ្ធផលនេះកើតមានឡើងក្រោមម្លប់សន្តិភាពដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។ គណបក្សប្រជាជនកម្ពុជាមិនដែលសន្យាតែមាត់នោះទេ គឺធ្វើជានិច្ច កសាងជានិច្ច ការពារជានិច្ច បម្រើប្រជាពលរដ្ឋជានិច្ចបម្រើប្រទេសជាតិជានិច្ច ធ្វើយ៉ាងណាប្រឹងប្រែងតស៊ូកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនទៅមុខ និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាព កាន់តែរីកចំរើនទៅមុខជាលំដាប់ទៅមុខជាដរាប៕