(ភ្នំពេញ)៖ ក្រោយចេញពីប្រជុំជាមួយមន្ត្រីសាលារាជធានីភ្នំពេញ ពាក់ព័ន្ធការដង្ហែរសពលោកបណ្ឌិត កែម ឡី ពីជ្រោយចង្វារ យកទៅវបញ្ចុះនៅស្រុកកំណើត នាស្រុកត្រាំកក់ ខេត្តតាកែន នៅព្រឹកមិញនេះ អ្នកស្រីប៊ូ រចនា ភរិយាសព បានថ្លែងប្រាប់អ្នកកាសែតថា អ្នកស្រីឯកភាពតាមសាលារាជធានីទាំងស្រុង ក្នុងការរៀបចំពិធីដង្ហែរនេះ ដោយអ្នកស្រីសន្យានឹងធ្វើការអំពាវ នាវឲ្យអ្នកចូលរួមទាំងអស់ជៀសវាង ការដង្ហែរសពដោយថ្មើរជើង គឺសូមឲ្យហែរដោយរថយន្ត និងម៉ូតូវិញ។
អ្នកស្រីប៊ូ រចនា បានអះអាងថា អ្នកស្រីនឹងធ្វើការអំពាវនាវឲ្យអ្នកចូលរួមហែរសពប្ដីរបស់អ្នកស្រីទាំងអស់ត្រូវចូលរួមពិធី ដង្ហែរដោយមធ្យោបាយម៉ូតូ និងរថយន្ត ជៀសវាងការដង្ហែរដោយថ្មើរជើង ដើម្បីជាការយល់ស្របទៅតាមសំណូមពររបស់សាលារាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីប្រជុំជជែក និងពិភាក្សាមានរយៈពេលពីរថ្ងៃ រវាងអាជ្ញាធររាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារសពបណ្ឌិត កែម ឡី ដែលត្រូវដង្ហែរយកទៅបញ្ចុះនៅខេត្តតាកែវនៅថ្ងៃទី២៤ ខែកក្កដាខាងមុខនេះ ជាលទ្ធផលចុងក្រោយ អាជ្ញាធររាជធានីភ្នំពេញ បានឯកភាពយកតម្រាយផ្លូវតាមគ្រួសារសពវិញហើយ គឺហែចេញពីវត្តចាស់ ឆ្លងកាត់ស្ពានជ្រោយចង្វារ បត់តាមមហាវិថីព្រះមុនីវង្ស ដល់ស្តុបបេកាសេរួចបត់ស្តាំតាមបណ្ដោយមហាវិថីសហព័ន្ធរស្ស៊ី ដល់រង្វង់មូលចោមចៅ រួចតម្រង់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ដើម្បីបន្តដំណើរទៅកាន់ភូមិអង្គតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវតែម្តង ប៉ុន្តែអាជ្ញាធរមិនតម្រូវឲ្យមានការដង្ហែរដោយថ្មើរជើង និងស្រែកកជ័យឃោសឬលើកបដាដែលពាក់ពន្ធ័ជាមួយនយោបាយឡើយ។
ដើម្បីសហការជួយសម្រួលដល់ពិធីដង្ហែរ កុំឲ្យរញ៉េរញ៉ៃបាត់បង់សណ្ដាប់ សាលារាជធានីក៏ជួយផ្ដល់ម៉ូតូស៊ីរ៉ែនបើកផ្លូវ និងរថយន្តពេទ្យចំនួន២គ្រឿង ដល់ក្បួនដង្ហែរផងដែរ។
សូមបញ្ជាក់ថា តាមគម្រោងរបស់គណៈកម្មការ គឺគ្រោងនឹងដង្ហែសពដោយថ្មើរជើងពីកន្លែងតម្កល់នាវត្តចាស់ ជ្រោយចង្វារ រហូតដល់រង្វង់មូលចោមចៅ ទើបដង្ហែរតាមរថយន្ត និងម៉ូតូបន្តដែលបំណងនេះត្រូវបានសាលារាជធានីបដិសេធ ព្រោះនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ កកស្ទះចរាចរ នឹងអាចកើតបញ្ហាផ្សេងៗផងដែរ៕