(ឡុងដ៍)៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់អង់គ្លេសមួយគ្រឿងត្រូវបានយកទៅចតនៅកំពង់ផែ Gibraltar រួចរាល់ហើយ ដើម្បីធ្វើការជួសជុល បន្ទាប់ពីវាបានបុកជាមួយនាវាដឹកទំនិញមួយគ្រឿងនៅក្នុងដែនទឹក អង់គ្លេសក្បែរ ដែនដីអធិបតេយ្យរបស់ប្រទេសអេស្ប៉ាញ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦។
ក្រសួងការពារជាតិអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍មួយថា «នាវាមុជទឹករបស់យើង បានទទួលរងការខូចខាត មួយចំនួននៅផ្នែកខាងក្រៅ ប៉ុន្តែវាមិនបានប៉ះពាល់កន្លែងស្តុកថាមពលនុយក្លេអ៊ែរ និង គ្មានមនុស្សណាម្នាក់ក្នុង នាវាដឹកទំនិញបានទទួលរងរបួសនោះឡើយ។ យើងនឹងទាក់ទងទៅកាន់ម្ចាស់នាវាដឹកទំនិញ ដើម្បីបញ្ជាក់ថា មិនមាន ការរងការខូចខាតអ្វីជាដុំកំភួននោះឡើយ នៅក្នុងឧប្បតិហេតុខាងលើនេះ»។
គួរបញ្ជាក់ថានាវាមុជទឹក HMS Ambush របស់អង់គ្លេស បានចូលរួមនៅក្នុងសមយុទ្ធមួយ កាលពីល្ងាចថ្ងៃពុធ ហើយក៏ បានបុកជាមួយនឹងនាវាដឹកទំនិញតែម្តង។ នាវាមុជទឹកដ៏ធំនេះមានសមត្ថភាពខ្ពស់បំផុត ដែលអាចធ្វើការវាយប្រហារ នាវាមុជទឹករបស់សត្រូវ, នាវានៅលើទឹក, និង ទីតាំងនៅលើដីបានយ៉ាងមានប្រសិទ្ធភាព៕