(ភ្នំពេញ)៖ ការប្រឡងគណិតវិទ្យាកង់ហ្គារ៉ូ (MATH KANGAROO COMPETIITON) គឺជាការប្រឡងប្រជែងលើមុខវិជ្ជាគណិតវិទ្យា ដ៏ធំសម្បើមតែមួយគត់ នៅលើពិភពលោក និងមានការចូលរួមប្រកួតពីសំណាក់សិស្សានុសិស្សជាង ៦លាននាក់ មកពីប្រទេសជាង៩៣ នៅលើពិភពលោកជារៀងរាល់ឆ្នាំ។

ក្នុងនោះនៅឆ្នាំ២០២៣នេះ សិស្សានុសិស្សរបស់កម្ពុជា ១ ៣៧៩នាក់ ក្នុងចំណោម ២ ៥០០នាក់ ទទួលបានជោគជ័យ លើការប្រកួតប្រជែងលើវិញ្ញសារគណិតវិទ្យាកង់ហ្ការ៉ូ ឆ្នាំ២០២៣នេះ ដែលមានសិស្សានុសិស្សកម្ពុជា ទទួលមេដាយមាស ២៨៣ មេដាយប្រាក់៤៩៦ និងមេដាយសំរិទ្ធ៦០០។

ការប្រឡងគណិតវិទ្យាកង់ហ្គារ៉ូនេះ សិស្សានុសិស្សកម្ពុជា គឺទទួលបានការតេស្តសមត្ថភាព គណិតវិទ្យាស្តង់ដាជាសកល ប្រកួតប្រជែង គណិតវិទ្យាបែបទំនើប បង្កើនសមត្ថភាពការគិត គិតបែបស៉ីជម្រៅ បណ្តុះគំនិតបែបតត្កវិទ្យា និងជំរុញបន្ថែមឆន្ទៈចំណូលចិត្តគណិតវិទ្យា ​ស្របតាមកម្មវិធីជំនាន់ថ្មីបែបវិទ្យាសាស្រ្ត។ គណិតវិទ្យាកង់ហ្គារ៉ូ ផ្តល់ឪកាសដល់សិស្សានុសិស្ស ជុំវិញពិភពលោក និង សិស្សានុសិស្សកម្ពុជា បញ្ចេញសមត្ថភាពប្រកួតប្រជែង ដោះស្រាយបញ្ហាបង្កើនសមត្ថភាពខួរក្បាល និងជំរុញលើកស្ទួយការអប់រំផ្នែកវិទ្យាសាស្រ្ត។

ការប្រកួតប្រជែងលើវិញ្ញសារគណិតវិទ្យាកង់ហ្ការ៉ូ ឆ្នាំ២០២៣នេះ រៀបចំឡើងដោយ Association Kangourou Sans Frontieres (AKSF) និងទទួលសិទ្ធសម្របសម្រួលដោយ Bright Consultant Education and Travel តែមួយគត់តំណាងឱ្យប្រទេសកម្ពុជា។

លើកឡើងនាឱកាសទទួលបានមេដាយ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ យុវជន ហ៊ាង សុវណ្ណធារ៉ា ដែលបានទទួលមេដាយប្រាក់ក្នុងកម្មវិធីនេះ បានឱ្យដឹងថា ការប្រកួតប្រជែងគណិតវិទ្យា កង់ហ្ការ៉ូនេះ ជាឱកាសល្អមួយ ដើម្បីឱ្យសិស្សានុសិស្ស មានឱកាសអាចបញ្ចេញសមត្ថភាពរបស់ខ្លួន និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម។ ការប្រឡងមួយនេះ គឺមានលំបាកមួយចំនួនសម្រាប់គាត់ តែវាក៏ជាការតេស្ត នូវសមត្ថភាពរបស់គាត់ផងដែរ។

លោកស្រី​ ជួន​ សារ័ត្ន​ ម្តាយរបស់យុវជន ហ៊ាង សុវណ្ណធារ៉ា បានលើកឡើងដែរថា សម្រាប់ការប្រកួតប្រជែងគណិតវិទ្យា កង់ហ្ការ៉ូ នេះ វាគឺជាឱកាសល្អមួយ សម្រាប់ឱ្យសិស្សានុសិស្ស បានបញ្ចេញសមត្ថភាពរបស់គាត់តាមរយៈការប្រកួតប្រជែង និងធ្វើឱ្យក្មេងៗគាត់មានការខិតខំប្រឹងប្រែងរៀន ដើម្បីឱ្យខ្លួនទទួលបានជោគជ័យលើការប្រឡង ហើយសម្រាប់ក្មេងៗឥលូវនេះ ការរៀនសូត្ររបស់គាត់ គឺមានការឯករាជខ្លួនគាត់។

បើតាមលោកស្រី ជួន​ សារ័ត្ន សម្រាប់វិស័យអប់រំនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានការអភិវឌ្ឍន៍បានយ៉ាងល្អប្រសើរ តាមរយៈការជួយបណ្តុះក្មេងៗឱ្យមានបំណិនជីវិតបានកាន់តែច្រើន និងមានការបណ្តុះពុទ្ធិរបស់ក្មេងៗ បានតែល្អប្រសើរជាងជំនាន់មុនៗ។ លោកស្រីក៏បានថ្លែងអរគុណ ដល់ប្រមុខរាជរាដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាពពេញផ្ទៃប្រទេស និងជួយឱ្យក្មេងៗមានឱកាសបានរៀនសូត្រ កាន់តែល្អប្រសើរឡើងផងដែរ។

បើតាមលោក អ៊ែល ណូរី ការប្រឡងគណិតវិទ្យា កង់ហ្ការ៉ូនេះ មានកូនសិស្សទូទាំងសកលលោក បានចូលរួមប្រឡងប្រមាណ ៤លានទៅ ៦លាននាក់នៅលើភពលោក ហើយការប្រឡងនេះ មានប្រភពមកពីប្រទេសអូស្ត្រាលី។ នេះក៏ជាលើកទី៣ហើយ ដែលមានការប្រឡងដូចនេះ នៅក្នុងប្រទេសកម្ពុជា និងមានសិស្សចូលរួមប្រឡងប្រមាណ ២ ៥០០នាក់ ដែលរួមមានទាំងកូនសិស្សក្នុងរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្តនានាផងដែរ ទាំងសាលារដ្ឋ និងឯកជន។

បើតាមលោក អ៊ែល ណូរី សម្រាប់កូនសិស្ស ដែលបានចូលរួមប្រឡងនេះ គឺមានកូនសិស្សប្រមាណជាង ១ ៣០០នាក់ ទទួលបានជោគជ័យ និងទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ និងមានកូនសិស្សផ្សេងៗ ទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនទៀតផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម https://www.facebook.com/BrightCambodiaECT https://t.me/brightcambodia