សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការលាបពណ៌រវាងខ្មែរ និងខ្មែរ ធ្វើឱ្យគ្រោះថ្នាក់ខ្លាំងបំផុតដល់ជាតិ (Video inside)
21-07-2016 11:54
(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា ការលាបពណ៌រវាងខ្មែរនិងខ្មែរ បានធ្វើឱ្យគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។ សម្តេចថា ការលាបពណ៌គ្នានេះបានធ្វើឱ្យខ្មែរបែកបាក់គ្នា ហើយធ្វើឱ្យប្រទេសកម្ពុជា កន្លងមកមានតំបន់ត្រួតត្រាច្រើនទៀត។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធចម្រោះទឹកស្អាតមួយកន្លែង នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះប្រទេសកម្ពុជា បានបង្រួបបង្រួមហើយ។ កម្ពុជាមានតំបន់ត្រួតត្រាតែមួយ ក្រោមព្រះមហាក្សត្រតែមួយ ក្រោមរាជរដ្ឋាភិបាលកម្ពុជាតែមួយ និងមានកងកម្លាំងប្រដាប់អាវុធតែមួយ ដែលនេះខុសពីមុនមានតំបន់ត្រួតត្រា៤ និងកងកម្លាំងប្រដាប់អាវុធ៤។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសខិតខំធ្វើយ៉ាងការពារថែរក្សាសន្តិភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ កុំឱ្យ មានការបែកបាក់កាលពីអតីតកាលឱ្យសោះ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖