(កំពង់ចាម)៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយសហការី នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន៣០០គ្រួសារ មកពី២ឃុំ គឺឃុំផ្តៅជុំ និងឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហម ខេត្តកំពង់ចាម បានឲ្យដឹងថា ពលរដ្ឋងាយរងគ្រោះ មាន ដូចជា ចាស់ជរា ១៤០គ្រួសារ, ជនមានពិការភាព ១០គ្រួសារ, ស្ត្រីមេម៉ាយក្រីក្រ ៥២គ្រួសារ, មានជំងឺប្រចាំកាយ ២៨គ្រួសារ, ទ័លក្រលំបាក ៥៥គ្រួសារ និងកុមារកំព្រា ១៥គ្រួសារ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកដល់លោកតា លោកយាយ បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ហើយតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ ជួយសម្រាលទុក្ខលំបាកបានទាន់ពេលវេលា ស្របតាមទិសស្លោក «កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ»។

ទន្ទឹមនឹងនោះ លោកប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ, ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ថែរក្សាសុខភាពឲ្យរឹងមាំ មានអាយុយឺនយូរបន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិយើង។

ម្យ៉ាងទៀត សូមលោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ បន្តអប់រំណែនាំកូនចៅឲ្យបានយល់ដឹងអំពីសារៈសំខាន់ នៃសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរកបានដោយលំបាក ដែលយើងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព និងអរគុណសម្ដេចតេជោ ហ៊ុន សែន ហើយត្រូវប្តេជ្ញាថែរក្សាការពារ មរតកសន្តិភាពសម្ដេចតេជោ ឲ្យបានឋិតថេរគង់វង្ស ហើយប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំកម្ពុជាវិលទៅរកគ្រោះមហន្តរាយផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូនជនងាយរងគ្រោះ ទាំង៣០០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, មី១កេស, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់, អាវយឺត៤ និងថវិកា៣០,០០០រៀល៕