(ភ្នំពេញ)៖ ក្រុមហ៊ុន Sabay MVP នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ បានដាក់សម្ពោធនៃការចាក់បញ្ចាំងជាផ្លូវការ នូវរឿង «STAR TREK Beyond» ដែលជាខ្សែភាពយន្ត ផ្សងព្រេង បែបវិទ្យាសាស្រ្ដ បច្ចេកវិទ្យាទំនើប នៃយានអាវកាសរបស់អាមេរិក ត្រូវបានដាក់បញ្ចាំង មុនគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។
លោក សុខ សិរីសួរភា ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Sabay MVP បានឲ្យដឹងថា រឿងនេះ គឺជាភាគទី៣ ក្នុងឆ្នាំ២០១៦ហើយ ដែលក្រុមហ៊ុនយកមកបញ្ចាំង នៅក្នុងរោងភាពធំៗទាំងអស់ ក្នុងប្រទេសកម្ពុជា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោកបន្ដថា ខ្សែភាពយន្ដភាគទី១ ត្រូវបានយកមកបញ្ចាំងក្នុងឆ្នាំ២០០៩ ។ ចំណែកភាគទី២ត្រូវបានបញ្ចាំងក្នុង ឆ្នាំ២០១៣ ហើយមានចំនួនភ្ញៀវ ដែលបានចូលទស្សនា រហូតដល់ជាង១០ម៉ឺននាក់ និងបានជាប់ចំណាត់ថ្នាក់លេខ១នៅកម្ពុជា។
លោកបន្ថែមថា រឿង «STAR TREK Beyond» នេះជាប្រភេទរឿង 3D និង 4DX ផ្សងព្រេងបែបវិទ្យាសាស្រ្ដ បច្ចេកវិទ្យាទំនើបនៃយានអាវកាស។ លោកក៏បានសំណូមពរ ដល់ទស្សនិកជនទាំអស់គ្រប់ស្រទាប់វណ្ណៈ ប្រសិនចូលទស្សនារឿងបែបវិទ្យាសាស្ដ្រ គឺមកទស្សនារឿងនេះ ពិតជាមិនខុសបំណងឡើយ។
ជាងនេះទៅទៀត លោករំពឹងទុកថា រឿង «STAR TREK Beyond» នឹងអាចទទួលបានការគាំទ្រ ពីទស្សនិកជនច្រើនជាងឆ្នាំ មុនទៅទៀត។ សូមបញ្ជាក់ថា រឿង «STAR TREK Beyond» នឹងចាប់ផ្ដើមបញ្ចាំងជាផ្លូវការ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះតទៅ គ្រប់រោងភាពយន្តទាំងអស់ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕