(តូក្យូ, ជប៉ុន)៖ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមសប្តាហ៍ធុរកិច្ចអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌល អាស៊ាន-ជប៉ុន និងបានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន លោក Kunihiko Hirabayashi។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាពីវិធីដែលលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន អាចបង្កើតកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ជប៉ុនបន្ថែមទៀត ជាពិសេស ក្នុងវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ប្រកបដោយចីរភាពជាដើម៕