(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា បានវិលមកជួបក្រុមនៅជិតរបងគ្នា U-16 វៀតណាម ជាថ្មីនាម៉ោង ៦៖៣០នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន AFF U-16 Youth Championship 2016 ក្រោយខកខានជួបគ្នា៣ឆ្នាំមកនេះ គិតចាប់តាំងពីឆ្នាំ២០១៣ មក។
នេះជាការជួបគ្នាលើកទី១ នៅទឹកដីកម្ពុជា ក្នុងនាមជាក្រុមឆ្លងផុតនៃវគ្គជម្រុះពាន AFF U-16 ឆ្នាំ២០១៦ ពូលផ្សេងគ្នា ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយវៀតណាម ជាក្រុមលេខ១ ចេញពីពូល A គ្រាដែលម្ចាស់ផ្ទះកម្ពុជា លេខ២ ចេញពីពូល B ក្នុងការប្រជែងយកកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត ក្រោយពេល U-16 អូស្រ្តាលី ជួបក្រុមការពារតំណែងជើងឯក U-16 ថៃ នារសៀលម៉ោង ៣៖៣០នាទីនៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា។
U-16 កម្ពុជា ពុំធ្លាប់លេងឈ្នះ U-16 វៀតណាម ម្តងណាឡើយ សូម្បីតែស្មើក៏គ្មានដែរ ពោលគឺចាញ់តែរហូតក្នុងប្រវត្តិ ជួបគ្នា ៤ប្រកួតចុងក្រោយមកនេះតាំងពីឆ្នាំ២០០៩មក ក្រោមលទ្ធផល ៧-១, ៤-១, ៥-០ និងចុងក្រោយឆ្នាំ២០១៣ កម្ពុជា បន្តចាញ់ ៦-០ ទៀត សុទ្ធតែការប្រកួតធ្វើឡើងនៅទឹកដីកណ្តាលទាំងអស់។
ឆ្លងកាត់៤ប្រកួត សន្សំពិន្ទុក្នុងពូល B របស់ U-16 កម្ពុជា មិនសូវជាមានឧបសគ្គខ្លាំងក្លាឡើយ ដោយបានទទួលជ័យជំនះ៣ដង និងចាញ់១ដងប៉ុណ្ណោះ ក្រោមលទ្ធផលឈ្នះ U-16 ឡាវ ៣-១ ឈ្នះ U-16 ប្រ៊ុយណេ ២-០ ចាញ់ U-16 ថៃ ៦-០ និងចុងក្រោយឈ្នះ U-16 ទីម័រខាងកើត ៣-០ រកបាន៩ពិន្ទុឈរនៅលេខ២ តាមពីក្រោយ U-16 ថៃ រកបាន១២ពិន្ទុ ខណៈដែលវៀតណាម ប្រជុំទៅជើងខ្លាំង ស្ថិតក្នុងពូល A មានអូស្រ្តាលី, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដែល U-16 វៀតណាម បានបំបាក់អស់ហើយ ដោយស៊ីចាប់ពី ៣គ្រាប់ឡើងទៅផងដែរ៕