(សៀមរាប)៖ លោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប លើកឡើងដូច្នេះ នៅក្នុងដំណើរទស្សនកិច្ចសិក្សារបស់យុវជនឆ្នាំ២០២៣ ក្រោមប្រធានបទ «សេវាសាធារណៈសម្រាប់ទាំងអស់គ្នា» របស់ប្រតិភូនៃអង្គការអាក់សិនអេតកម្ពុជា ដឹកនាំដោយលោកស្រី លូង ដាវី ជាប្រធាន រួមនឹងយុវជន មកពីខេត្តចំនួន៥ និងបុគ្គលិកអង្គការ ចំនួន២៥នាក់ បានដឹកនាំប្រតិភូយុវជន ធ្វើទស្សនាកិច្ចសិក្សា ស្វែងយល់ អង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋខេត្ត នៅសាលាខេត្តសៀមរាប នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងដំណើរទស្សនកិច្ចសិក្សារបស់យុវជននេះ ក្នុងគោលបំណងដើម្បីស្វែងយល់ អំពីការផ្តល់សេវាច្រកចេញចូលតែមួយ និងបញ្ហាប្រឈម ព្រមទាំងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យ ប្រជាពលរដ្ឋ អំពីយន្តការទទួលពាក្សបណ្តឹង និងដោះស្រាយបណ្តឹង បញ្ហាប្រឈម ដើមី្បទទួលបាននូវបទពិសោធន៍ និងអនុសាសន៍ល្អៗ សម្រាប់យុវជន ជាមួយលោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងលោក ម៉ន សំអាត ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត និងមន្ត្រីក្រោមឱវាទផង​ដែរ។

ក្នុងឱកាសនោះលោកស្រី លូង ដាវី បានធ្វើការបញ្ជាក់ពីគោលបំណងរបស់ប្រតិភូ ក្នុងការចូលជួបពិភាក្សាជាមួយ អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋខេត្ត ដើមី្បឈ្វេងយល់អំពីដំណើរការ ការអនុវត្តល្អៗ បញ្ហាប្រឈម ក្នុងការផ្តល់សេវាសាធារណៈ និងអំពីបញ្ហាប្រឈមរបស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងការលើកទឹកចិត្តគាំទ្របន្តចូលរួមក្នុងការងារអភិវឌ្ឍន៍សហគមន៍ និងរៀបសូត្រអំពីការអនុវត្តល្អៗ ក្នុងការទទួលការវិភាគ និងការទទួលបានថវិកាជាតិ សម្រាប់ឆ្លើយតបបញ្ហាអំពើហិង្សា ផ្នែកលើយេនឌ័រ និងពិនិត្យ ផ្តល់មតិយោបល់បន្ថែមលើផែនការយុទ្ធនាការរបស់យុវជនតាមឃុំទាំង ១៥នៃខេត្តគោលដៅផង​ដែរ។

លោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានលើកឡើងអំពីកិច្ចដំណើរការ និងលទ្ធផលការងារ និងបញ្ហាប្រឈម របស់ការិយាល័យក្នុងពេលកិច្ចដំណើរការងារស្នូលរបស់ខ្លួន ដោយឈរលើគោលការណ៍ ដែលក្រសួងបានកំណត់ ក្នុងការអនុវត្តនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកថា កិច្ចការការិយាល័យប្រជាពលរដ្ឋបានអនុវត្តនោះ ដោយបានផ្តោតទៅលើរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានមកទទួលសេវាសាធារណៈ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត តាមរយៈការទទួលពាក្យបណ្តឹងដោយផ្ទាល់ តាមរយៈដាត់តាមប្រអប់ តាមរយៈតុពិសេស និងប្រព័ន្ធទូរស័ព្ទជាដើម។

លោកបន្តថា រាល់បណ្តឹងទាំងនោះដែរ គឺផ្តោតសំខាន់លើសវាដីធ្លី (ការធ្វើកម្មសិទ្ធិដីធ្លី ការកាត់ឈ្មោះ )។ ក្នុងនោះដែរ ប្រជាពលរដ្ឋក៏មានសិទ្ធិធ្វើការប្តឹងដល់មន្ត្រីផ្តល់សេវា (មន្ត្រីជួរមុខ) ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជន ដែលមកទទួលសេវា ឬប្តឹងនៅតុពិសេស ដែលប្រចាំការនៅទីនោះ។

លោកបានបន្តទៀតថា ការិយាល័យប្រជាពលរដ្ឋ គឺគ្មានសិទ្ធសម្រេចឡើយ តែបានធ្វើការសម្របសម្រួល និងធ្វើការស្រាវជ្រាវ តាមរកនូវរាល់លិខិតស្នាមដែលហួសពេលកំណត់ និងយឺត នៅអង្គភាពច្រកចេញចូលតែមួយ ដែលបងប្អូនបានប្តឹងប៉ុណ្ណោះ។ ក្នុងនោះដែរ លោកប្រធានការិយាល័យប្រជាពលរដ្ឋ ក៏បានធ្វើការបកស្រាយបង្ហាញ នូវរាល់សំណួររបស់ប្អូនៗយុវជនដែលបានលើកឡើង ពាក់ព័ន្ធនឹងសេវាសាធារណៈ និងការដាក់វិន័យដល់មន្ត្រី អង្គភាពច្រកចេញចូលតែមួយ ដែលមានកំហុសឆ្គង និងការទទួលថវិកាក្រៅសេវាទៀតផង។

ជាមួយនេះដែរ លោក ម៉ន សំអាត ប្រធានអង្គភាពច្រកចេញចូលតែមួយ ក៏បានដឹកនាំប្រតិភូធ្វើការបង្ហាញ អំពីចរន្តនៃការធ្វើចរាចរណ៍លិខិត នៅក្នុងអង្គភាពច្រក ព្រមទាំងធ្វើការបង្ហាញអំពីការបង់ថវិកាលើសេវា តាមប្រព័ន្ធយន្តការច្រកចេញចូលតែមួយ នៅលើម៉ាស៊ីនទូទាំត់សាច់ប្រាក់ (KIOSK) ដែលមានតម្លៃសេវាទៅតាមប្រភេទ ឯកសារដែលបានដាក់ចូលមក ដោយមន្ត្រីយើងមិនអាចយកលើសពីការកំណត់របស់ក្រសួងបាននោះឡើយ៕