(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យការរៀបចំតុបតែងកែលម្អភ្លើងនៅផ្លូវមុខសាលាខេត្ត ការរៀបចំច្រាំងស្ទឹងវេរ៉ងដាច្រាំងស្ទឹងសែន ត្រង់ចំណុចមុខសាលាខេត្តកំពង់ធំ នៅល្ងាចថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២៣។

ដំណើរចុះពិនិត្យការរៀបចំនេះ អភិបាលខេត្ត បានណែនាំក្រុមហ៊ុនឱ្យរៀបចំកែលម្អចំណុចមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលដើរកំសាន្ត និងហាត់ប្រាណផងដែរសំដៅការលើកកម្ពស់សោភ័ណភាព នៃទីក្រុងស្ទឹងសែនឱ្យ កាន់តែស្រស់បំព្រងថែមមួយកម្រិតទៀត ហើយក៏ជាសមិទ្ធផលថ្មីៗបន្ថែមទៀត «ក្រោមម្លប់សន្តិភាព» ដែលបានកំពុងតែធ្វើឱ្យខេត្តកំពង់ធំកាន់តែប្រែមុខមាត់ថ្មី និងកំពុងតែមានការអភិវឌ្ឍ ក្នុងខេត្តជាបន្តបន្ទាប់ផងដែរ។

លោកបានណែនាំដល់ក្រុមហ៊ុនកាត់មែកឈើ និងសម្អាតបរិវេណ ឬទីតាំងដែលបានកាត់មែកឈើឱ្យបានស្អាត ដើម្បីឱ្យបងប្អូនប្រជាពលរដ្អអាចមកឈរលេងលំហែកាយ និងហាត់ប្រាណនៅវេរ៉ងដា ដែលបានរៀបចំនេះជាបណ្តើរៗ ផងដែរ។

លោក ងួន រតនៈ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ មកលំហែកំសាន្តក៏ដូចជាអ្នកលក់ដូរសូមឱ្យមានការចូលរួមថែរក្សា និងសំអាតបរិស្ថានអនាម័យឲ្យបានស្អាត ដើម្បីសុខភាពរបស់យើង និងទីក្រុងស្អាតយើងស្អាតផងដែរ។ គួរបញ្ជាក់ថា ច្រាំងស្ទឹងដែលបានសាងសង់បន្ថែមថ្មីមានប្រវែង ១៥០ម៉ែត្រ ទទឹង១៧ម៉ែត្រ ដែលមានការក្រាលការ៉ូ និងចាក់វេរុងដា៕