(រតនគិរី)៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្នុងទឹកដីខេត្តរតនគិរី បានបញ្ចេញមតិរិះគន់ និងបង្ហាញការធន់ទ្រាន់យ៉ាងខ្លាំង ទៅលើអាជ្ញាធរខេត្តរតនគិរី ដែលបានដាក់ប៉ុស្តិត្រួតពិនិត្យអាវុធជាតិផ្ទុះ២៤ម៉ោងលើ២៤ម៉ោង ច្រើនកន្លែងពេក នាំឲ្យរំខានការធ្វើដំណើររបស់ពួកគេ ជាពិសេសដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដូចជាករណីនាំ សាច់ញាតិទៅព្យាបាលជម្ងឺជាដើម។
ប្រជាពលរដ្ឋម្នាក់ដែលធ្វើដំណើរ តាមបណ្តោយផ្លូវជាតិមួយនេះ បានស្នើដល់អង្គភាពFresh News សូមជួយចុះផ្សាយផងថា «ក្រៅពីឃើញកម្លាំងនគរបាលចរាចរណ៍ ដាក់ប៉ុស្តិត្រួតពិនិត្យ ច្បាប់ចរាចរណ៍ផ្លូវគោក តាមផ្លូវជាតិ នៅទីប្រជុំជនកន្លែងសំខាន់ៗ ជាច្រើននោះ គេសង្កេតឃើញកម្លាំងចម្រុះរបស់ គណបញ្ជាការឯកភាពរដ្ឋបាល ក្រុងបានលុង និងស្រុកបរកែវដាក់ មានទាំងនគរបាល អាវុធហត្ថ និងយោធា ប្រចាំការ២៤/២៤ម៉ោង ក្រោមស្លាកត្រួតពិនិត្យអាវុធជាតិផ្ទុះ»។
ប្រជាពលរដ្ឋ បានបញ្ជាក់ទៀតថា ពួកគាត់ធ្វើដំណើរពីទីរួមក្រុងបានលុង ឆ្ពោះទៅព្រំដែនវៀតណាម បានប្រទះឃើញសមត្ថកិច្ចចម្រុះ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន២កន្លែង ទី១ នៅក្បែររង្វង់មូលបឹងយក្សឡោម ស្ថិតក្នុងសង្កាត់យក្សឡោម និងទី២នៅមុខបន្ទាយអាវុធហត្ថ មូលដ្ឋានស្រុកបរកែវតែម្តង។
អ្នកដំណើរដដែលខាងលើប្រាប់បន្តទៀតថា ក្នុងចំងាយផ្លូវប្រមាណជា៣៥គីឡូម៉ែត្រ មានប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ ដល់ទៅ២កន្លែង ហើយត្រូវចំណាយកម្លាំងសមត្ថកិច្ចជាច្រើនអ្នកដាក់ប្រចាំការហើយការធ្វើការឆែកឆេរអាវុធជាតិផ្ទុះ ខាងលើនេះប៉ះពាល់ដល់ការធ្វើដំណើរពួកគាត់ គឺយឺតពេលប្រសិនបើមានការប្រញាប់។
ម្យ៉ាងវិញទៀតតាមបណ្តោយផ្លូវជាតិ លេខ៧៨នេះអ្នកដំណើរ មានទាំងភ្ញៀវជាតិ-អន្តរជាតិ ចេញចូល តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ ពួកគាត់មានអារម្មណ៍មើលទៅការធ្វើណើរពុំមានផាសុខភាព សុវត្ថិភាព ព្រោះឃើញកម្លាំងប្រដាប់ អាវុធច្រើនពេក ហាក់បីដូចក្នុងភូមិសាស្ត្រ ខេត្តរតនគិរីមានបញ្ហាអសន្តិសុខ។
ទាក់ទិនទៅនឹងអ្នកដំណើរ ក្នុងស្រុក-ក្រៅស្រុកធ្វើការរិៈគន់អាជ្ញាធរ ខេត្តរតនគិរីដាក់ប៉ុស្តិ៍ត្រួតពិនិត្យ អាវុធជាតិផ្ទុះច្រើនកន្លែងនៅលើផ្លូវជាតិលេខ ៧៨នេះដែរ លោក មឹុង សីុនាថ នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានប្រាប់អង្គភាពFresh News នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះថា ការដាក់ពង្រាយកម្លាំងអ.ហ កម្លាំងនគរបាល កម្លាំងយោធា ធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ គឺដើម្បីការពារសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ជូនអ្នកដំណើរ។
លោកថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ ខាងលើនេះមានការឯកភាពពីគណៈបញ្ជាការឯកភាព ខេត្តរតនគិរីផងដែរ។
ក្នុងករណីខាងលើនេះលោកញ៉ែម សំអឿន អភិបាលរង បានថ្លែងប្រាប់យ៉ាងខ្លីថា ចាំរូបលោកសួរទៅខាងស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេយោធាខេត្ត អាជ្ញាធរក្រុងបានលុង និងអាជ្ញាធរស្រុកបរកែវ។
ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានមានមតិលើកឡើងស្រដៀងគ្នាថា សូមឲ្យលោកថង សាវុន ប្រធានគណបញ្ជាការខេត្តរតនគិរី គួរត្រួតពិនិត្យមើលការដាក់កន្លែង ត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើ របស់កម្លាំងសមត្ថកិច្ចគ្រាន់តែ ធ្វើដើម្បីស្វែងរកលាភសក្ការៈ ក្រោមរូបភាពចុះបេសកម្ម៕