(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវចំនួន៥ ខ្សែរក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណ ៧៦៥ នាក់ផងដែរ។

ជាកិច្ចចាប់ផ្ដើមលោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ តំណាងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើរបាយការណ៍ស្វាគមន៍ និងបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងឃុំត្រពាំងគង ក៏ដូចជាថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងស្ថាបនាផ្លូវតភ្ជាប់ផ្លូវក្នុងភូមិ ដែលបានផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានសំណេះសំណាល និងថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន ដែលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហា និងសិក្សាស្វែងរកដំណោះស្រាយក្នុងមូលដ្ឋាន ដើម្បីធានាឲ្យបាននូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ លោកក៏បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងឃុំត្រពាំងគង ដែលទទួលបានសមិទ្ធផលនាពេលនេះ។

ផ្សាភ្ជាប់ជាមួយពិធីសម្ពោធនាព្រឹកនេះ លោកបានរំលេចពីការចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍ អាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ដោយលោកបានលើកឡើងថា «ពេលគាត់ឈ្នះយើងនៅជាមួយគាត់ តែពេលគាត់ចាញ់យើងចាំបាច់ត្រូវតែនៅជាមួយគាត់»

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការដែលនៅជាមួយពួកគាត់ ជាមួយនឹងការគាំទ្រគឺជាកម្លាំងចិត្តដ៏ធំធេងបំផុតរបស់អត្តពលិកពិការ ដែលចូលរួមប្រកួត បើទោះបីពួកគាត់ពិការប៉ុន្តែស្មារតី និងឆន្ទៈក្នុងវិស័យកីឡាពួកគាត់មានខ្ពស់បំផុតចំពោះការប្រកួតតំណាងជាតិ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់រាជរដ្ឋាភិបាល ដែលបានស្ថាបនាសមិទ្ធផលថ្មីៗជាច្រើន សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នានេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមជួយគាំទ្រ និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងជួយថែរក្សាការពារសមិទ្ធផល ដែលបានកសាងឡើងនាពេលនេះជាគុណប្រយោជន៍ដល់សាធារណៈ ពីព្រោះផ្លូវគឺជាសសៃឈាម សម្រាប់ធ្វើចរាចរណ៍ទៅមក ដូចដែលពាក្យចាស់លោកពោលថា «មានផ្លូវ គឺមានសង្ឃឹម»

សូមបញ្ជាក់ថា ផ្លូវទាំង៥ខ្សែដែលបានដាក់សម្ពោធ គឺបានបម្រើដល់ការធ្វើចរាចរណ៍ និងផ្សាភ្ជាប់ភូមិចំនួន១២គឺភូមិរំដួល ភូមិស្រែអំបិល ភូមិបាក់ចិញ្ចៀន ភូមិត្រគៀត ភូមិថ្មបាំង ភូមិបាញ់កង្កែប ភូមិព្រៃផ្ដៅ ភូមិត្រពាំងខ្យង ភូមិព្រៃសូភា ភូមិលំពែងព្រះរាម ភូមិថ្កូវ និងភូមិសុបិន្ត នៃឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចុងបញ្ចប់នៃពិធីសម្ពោធ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន ជាពិសេកូវីដ១៩ ដែលបន្តមានវត្តមានក្នុងប្រទេសកម្ពុជា៕