(អង់ការ៉ា)៖ ប្រធានាធិបតីដែលទើបរួចផុត ពីរដ្ឋប្រហាររបស់តួកគីលោក Recep Tayyip Erdogan បានប្រកាសដាក់ ប្រទេសអឺរ៉ុបមួយនេះ ទៅក្នុងគ្រាមានអាសន្នរយៈពេល ៣ខែ ដែលនឹងផ្តល់ឱកាសឲ្យ កងកម្លាំងមានសមត្ថកិច្ច ប្រើប្រាស់ អំណាចបានទូលំទូលាយជាមុន ក្នុងការតាមប្រមាញ់ ពួកផ្សំគំនិតធ្វើរដ្ឋប្រហារ ឬក៏រដ្ឋាភិបាលហៅថា «ក្រុមភេរវករ ដែលស្ថិតនៅពីក្រោយ រឿងនេះ»។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦។
លោក Erdogan នៅតែបន្តការចោទប្រកាន់ ទៅលើលោក Fethullah Gulen ដែលកំពុងរស់នៅសហរដ្ឋអាមេរិកថា ជាអ្នកដែលស្ថិតនៅពីក្រោយខ្នងនៃការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល តែមិនបានសម្រេចទើបនាំឲ្យមានការចាប់ខ្លួន និង ទម្លាក់តំណែងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់សរុប ៥០,០០០នាក់បែបនេះ។ លោក Erdogan បានថ្លែងចេញពីវិមាន ប្រធានាធិបតីក្នុងទីក្រុងអង់ការ៉ាថា «ការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន គឺជាការជីកឬសគល់នៃក្រុមអង្គការភេរវកម្ម ទាំងអស់ ដែលចូលដៃចូលជើង ឬរួមគំនិតធ្វើរដ្ឋប្រហារ»។
ទោះបីជាបែបនេះក្តី លោក Erdogan បានធានាថាវាគ្រាន់តែ ជាការពង្រឹងអំណាចរបស់រដ្ឋ ដើម្បីស្តារសន្តិសុខឡើងវិញប៉ុណ្ណោះ ដោយនឹងមិនបង្កប៉ះពាល់ ដល់លទ្ធិប្រជាធិបតេយ្យ នៃប្រទេសតួកគីឡើយ។ អំឡុង ពេលគ្រាមានអាសន្ននេះ ការដើរហើរនឹងត្រូវរឹតត្បិត ហើយសន្តិសុខនឹងក៏នឹងត្រូវ ធ្វើឲ្យប្រសើរឡើងវិញដែរ៕