(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានប្រកាសអនុញ្ញាតឲ្យសាធារណជនដែលចូលរួមពិធីបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ អាចប្រើបណ្ណដូចកាលពីពិធីបើកជាផ្លូវការបាន។

ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋាន ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងន័យនេះ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC សូមគោរពអញ្ជើញសាធារណជនជាតិ-អន្តរជាតិមកចូលរួមទស្សនាពិធីបិទនេះ តាមកាលបរិច្ឆេទ និងទីកន្លែងខាងលើឱ្យបានច្រើនកុះករ។

ចំពោះបណ្ណចូលទស្សនា និងបណ្ណរថយន្ត សូមប្រើប្រាស់ឡើងវិញនូវបណ្ណដែលគណៈកម្មាធិការជាតិបានផ្ដល់ជូនក្នុងពេលពិធីបើកជាផ្លូវការ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣៕